ព័ត៌មានជាតិ

រដ្ឋបាលរាជធានីបន្ត ផ្អាកសកម្មភាពការងារ អាជីវកម្ម មានហានិភ័យខ្ពស់ និងការជួបជុំ ១៤ថ្ងៃបន្ថែមទៀត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញានេះ បានបន្ត ដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ១៩ ។

រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីសម្រេចដដែលនេះ បានបញ្ជាក់ថា ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន មិនត្រូវលើសទី១៥នាក់ លើកលែងក្នុងករណីមួយចំនួនប៉ុណ្ណោះ ។ ក្នុងករណីរកឃើញថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាងការផ្សព្វផ្សាយជាសាធារណៈ ចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ ៕

To Top