ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើររាជរដ្ឋាភិបាល ស្វែងរកវ៉ាក់សាំងកូវីដ-១៩ មកចាក់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួនយ៉ាងច្រើន ដើម្បីទប់ទល់ជំងឺដ៏កាចសាហាវនេះ ជាពិសេស អាចបើកសាលារៀន រមណីយដ្ឋានកម្សាន្តនានា និងស្តារសេដ្ឋកិច្ចឡើងវិញ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច ហេង សំរិន សម្ដេចបានដឹកនាំសមាជិក-សមាជិកាទទួលវ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនីកាដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា នាថ្ងៃទី១០ កញ្ញា នេះ ។
ក្រោយពីទទួលវ៉ាក់សាំងរួច សម្ដេច ហេង សំរិន បានថ្លែងថា រាជរដ្ឋាភិបាលកំណត់យកការចាក់វ៉ាក់សាំង ជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេស សំដៅឈានទៅសម្រេចបានភាពសាំសហគមន៍ដែលជាកត្តាជំរុញធានាឲ្យបានការវិលត្រឡប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរបស់នៅជាទូទៅរបស់ពលរដ្ឋ ក៏ដូចជាការស្តារនូវបញ្ហាសេដ្ឋកិច្ច សង្គមឲ្យងើបឡើងវិញ។

សម្ដេចបាបន្ដថា កំណើនអត្រាពលរដ្ឋចាក់វ៉ាក់សាំងបានកើនឡើងជាលំដាប់ ពោលក្នុងចំណោមពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ដែលរហូតមកដល់ពេលនេះសឹងតែសម្រេចបាន១០០% ហើយនៃចំនួនគោលដៅ១០លាននាក់នោះ ។ ចំណែកកុមារ និងយុវវ័យ ដែលមានអាយុពី ១២ដល់ ១៧ឆ្នាំវិញ មកដល់ពេលនេះសម្រេចបានជិត៩០% ដែលបានទៅចាក់វ៉ាក់សំាងកូវីដ-១៩ ក្នុងចំណោមជិត២លាននាក់។

សម្ដេចបានបញ្ជាក់ថា «ខ្ញុំសូមសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបាន ក្នុងចំនួនយ៉ាងច្រើនជាទីមោទកភាពបំផុតនៅក្នុងការពារសុខុមាលភាពពលរដ្ឋនិងសង្គមរបស់យើងទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ។ យើងនឹងអាចឈានទៅបើកដំណើរការសាលារៀន រមណីយដ្ឋានកម្សាន្តនានា ដោយត្រូវគោរពតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឲ្យចៅៗ កូនក្មួយរបស់យើងបានវិលទៅសិក្សានៅថ្នាក់រៀនដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗតាមរយៈការប្រកបកិច្ចការរកទទួលទានប្រចាំថ្ងៃផ្សេងៗនោះ»៕
