ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសទី៤ ជូនប្រជាពលរដ្ឋខ្មែរគឺអាស្រ័យ លើទៅស្ថានភាពវិវត្តន៍របស់កូវីដ-១៩ ការផលិតវ៉ាក់សាំង និងប្រសិទ្ធភាពវ៉ាក់សាំង។
ក្នុងពិធីធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា ប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ត្រូវបន្ដចាក់វ៉ាក់សាំងទី៣។
សម្ដេចតេជោ មានប្រសាសន៍ថា «តើចាក់វ៉ាក់សាំងដូសទី៤ ឬអត់? រឿងនេះវាអាស្រ័យ ទៅលើស្ថានភាពវិវត្តន៍ របស់កូវីដ-១៩ និងការផលិតវ៉ាក់សាំង និងប្រសិទ្ធភាពវ៉ាក់សាំង។ យើងត្រូវតាមដានលើបញ្ហានេះ នៅក្នុងការអនុវត្តជាក់ ស្ដែងរបស់ពិភពលោក ជាមួយប្រសិទ្ធភាពវ៉ាក់សាំងត្រូវចាក់បន្ដ គួបន្សំជាមួយការណែនាំពី អង្គការសុខភាពពិភពលោក ផងដែរ»។
សម្ដេចតេជោ បានដឹងថា មិត្តភត្តិបរទេសរបស់កម្ពុជាមួយចំនួន បានចាក់វ៉ាក់សាំងដូសទី៤ រួចសម្រេចទៅហើយ។ សម្ដេចថា រឿងនេះបើមានដូសទី៤ពិតមែន តម្រូវឲ្យកម្ពុជាចំណាយលុយទៀតហើយ ដូច្នេះ កម្ពុជាត្រូវតែធ្វើ ក្នុងការ ចាក់ដូសទី៤ ជូនប្រជាពលរដ្ឋរបស់ខ្លួន។ ប៉ុន្ដែបញ្ហាទាំងនេះ ត្រូវមានការសិក្សានាពេលខាងមុខនេះ ផងដែរ។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា រាជរដ្ឋាភិបាល នឹងរៀបចំផែនការទេសចរវ៉ាក់សាំង ដើម្បីទទួលភ្ញៀវបរទេស មកលេងកម្សាន្តនៅកម្ពុជា។ សម្ដេចថា ផែនការទេសចរវ៉ាក់សាំងនេះ គឺដើម្បីសម្រួលឲ្យភ្ញៀវទេសចបរទេស ដែលបានចាក់វ៉ាក់សាំងហើយ ធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ ពោលគឺមិនឱ្យនៅដោយឡែក១៤ ឬ២១ថ្ងៃ ដូចមុនឡើយ។
សម្ដេចតេជោ បានបន្ដថា ភ្ញៀវទេសចរក្នុងស្រុក ក៏កំពុងដើរលេងកម្សាន្ត ច្រើននៅក្នុងបរិបទកូវីដ-១៩ នេះ ដែលជាផ្នែកមួយបង្ហាញថា ទេសចរណ៍ផ្ទៃក្នុងកំពុង រីកចម្រើនផងដែរ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា «ធ្វើចត្តាឡីស័ក៧ថ្ងៃ ប៉ុន្តែអ្នកឯងមានសិទ្ធិដើរ នៅក្នុងតំបន់ទេសចរណ៍នោះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារដូចមុនឡើយ»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១១,៥២៧,០៣៣នាក់ ៕