នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា ផ្តាំទៅ លោកបណ្ឌិត មាស នី និងលោក សេង សារី ប្រយ័ត្នខ្លួនចំពោះការវិភាគ (Sound)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដ៏មានឥទ្ធិពលខ្លាំងបានផ្ញើសារទៅលោកបណ្ឌិត មាស នី និងលោក សេង សារី អំពីការវិភាគរបស់ខ្លួន។

លោក មាស នីបានវិភាគអំពីប្រសាសន៍របស់សម្តេចតេជោ ដែលសម្តេចថា បើមិនឲ្យសម្តេចពឹងចិនតើទៅពឹងអ្នកណា ។ លោក មាស នីបាននិយាយថា “សម្តេចនិយាយថា ទៅពឹងចិននេះមិនសមស្របតាមស្ថានការណ៍” ។ ចំណុចនេះ សម្តេចតបទៅ លោក មាស នីថា ឲ្យតែសម្តេចនិយាយជាមួយចិនគឺខុសទាំងអស់។

ចំពោះលោក សេង សារី ដែលជាអ្នកវិភាគជំនាន់ថ្មីក៏បានបញ្ចេញយោបល់ខ្លួនជាហូរហែរលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ អ្វីដែលសំខាន់លើកឡើង គឺត្រង់លោកគាំទ្រការបង្កើតរដ្ឋាភិបាលររួបរួមជាតិរបស់លោក សម រង្ស៊ីនូវចំណុច៦ ។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឲ្យក្មេងពី៦ទៅ១២ឆ្នាំនាថ្ងៃ១៧ កញ្ញានេះ សម្តេចតេជោបានមានប្រសាសន៍ថា “មាស នី ឲ្យតែយើងធ្វើអីជាមួយចិនគឺខុសទាំងអស់ ដោយយើងផ្អាកជាមួយប្រទេសផ្សេងទាំងអស់ តែយើងអត់ផ្អាកចិន គាត់(មាស នី)ថ្នាំងថ្នាក់” ។

សម្តេចតេជោបន្តថា “បើផ្អាកចិន គឺបិទច្រមុះខ្លួនឯង គឺច្រកមានចិន និងកូរ៉េ ។ បណ្ឌិតមានសិទ្ធិបញ្ចេញមតិហើយ តែបណ្ឌិតគួរកុំព្រហើនពេកលើបញ្ហានយោបាយការបរទេស”។

សម្តេចតជោបន្តថា ប្រជាធិបតេយ្យលើការបញ្ចេញ គឺអស់លោកបាននិងកំពុងបញ្ចេញហើយតែពួកគេនៅទាមទារអ្វីទៀត ។

ចំពោះលោកបណ្ឌិត សេង សារី សម្តេចតេជោបានអះអាងថា លោក សេង សារី នេះ គឺសម្តេចធ្វើអ្វីក៏មិនដែលត្រូវចិត្តលោកទេ គឺលោកមើលមកសម្តេចខុសរហូតរ ។ សម្តេចបន្តថា លោក សេង សារី ក៏មានដីការចាប់ខ្លួនដែរ ដោយសារតែលោកគាំទ្រនូវ៦ចំណុចដើម្បីឲ្យលោក សម រង្ស៊ីមានគម្រោងបង្កើតរដ្ឋាភិបាលរួបរួមជាតិ ។

សម្តេចបានផ្ញើសារថា បើក្រុមលោកបណ្ឌិតវិភាគអ្វីហើយសូមវិភាគឲ្យបានត្រឹមត្រូវផង ធ្វើយ៉ាងណាកុំបន្សល់គន្លងចូលគុក។ បើតាមសម្តេច លោក សេង សារី គឺបច្ចុប្បន្នកំពុងនៅថៃ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ឲ្យតែទាក់ទងជាមួយចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រទេសត្រូវតែចាប់ខ្លួន បើមិនចាប់ខ្លួនមិនមែនរដ្ឋាភិបាលទេ ។ សូមកុំឲ្យចូលទៅក្នុងគន្លងចូលគុក មិនមែនជាសិទ្ធិបញ្ចេញមតិទេ ព្រោះតែហៅថា រដ្ឋាភិបាល ឬចលនាគឺសុទ្ធតែឧទ្ទាមប្រដាប់អាវុធ” ។

សម្តេចថា “ចាប់វាមកសួរមើលតើ៦ចំណុចហ្នឹង ជាលក្ខខណ្ឌបង្កើតរដ្ឋាភិបាលក្រៅប្រទេសហ្អែងលើកទឹកចិត្តឲ្យបង្កើត ។ ហ្អែងបង្កើត ហ្អែងគុក ។ មិនមែនត្រឹមតែគុកទេណា ដែលហៅថា ចលនាឧទ្ទាមគេបាញ់ផង គេឃើញគេបាញ់” ។

ជាមួយចិនវិញ សម្តេចបកស្រាយថា បើមិនឲ្យសម្តេចទៅពឹងចិនមិនឲ្យពឹងអ្នកណា គឺពួកគេបែរជាមកហាម នាយករដ្ឋមន្រ្តី មិនឲ្យនិយាយទៅវិញ។ ជាមួយគ្នានេះ សម្តេចថា សម្តេចក៏មានសិទ្ធិនិយាយទៅកាន់ភាគីជប៉ុនដូចករណី និយាយទៅចិនដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top