ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ថាប្រទេសវៀតណាមបានរុញច្រាន ផែនការមួយដើម្បី បើកកោះរមណីយដ្ឋាន Phu Quoc ឡើងវិញដល់អ្នកទេសចរបរទេស រហូតដល់ខែវិច្ឆិកាបន្ទាប់ពី ខកខានមិនបានសម្រេចគោលដៅ សម្រាប់ការចាក់ថ្នាំបង្ការរោគ ដល់ប្រជាជនដោយសារតែការ ផ្គត់ផ្គង់វ៉ាក់សាំងមិនគ្រប់គ្រាន់។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលបច្ចុប្បន្នត្រូវបានបិទមិនឲ្យ អ្នកទស្សនាមក ក្រៅតែពីពលរដ្ឋ និងវិនិយោគិនដែលកំពុង វិលត្រឡប់មកប្រទេសវិញ កំពុងជួបការលំបាកក្នុងការ ពន្លឿនការចាក់ថ្នាំបង្ការរោគ ដើម្បីជួយទប់ស្កាត់ករណី ឆ្លងជំងឺកូវីដ-១៩ ដែលជាប្រភេទក្លាយពូជ Delta ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
អាជ្ញាធរមានគម្រោងដំបូង អនុញ្ញាតឱ្យអ្នកទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងចាប់ផ្តើម វិលត្រឡប់មកវិញនៅខែតុលា ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ និងជំរុញដល់សេដ្ឋកិច្ច។
កាសែត VTC ដែលគ្រប់គ្រងដោយរដ្ឋ បានដកស្រង់សម្តីលោក Huynh Quang Hung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង និយាយថា“ យើងត្រូវតែចាក់ថ្នាំបង្ការរោគ អ្នកស្រុកនៅទីនេះដើម្បី ឱ្យមានអភ័យឯកសិទ្ធិហ្វូង ប៉ុន្តែការផ្គត់ផ្គង់វ៉ាក់សាំងកំពុងធ្លាក់ចុះ” ។
គួររំលឹកថា កាលពីសប្តាហ៍មុន អាជ្ញាធរដែនកោះ មួយនេះបាននិយាយថា ត្រូវការបន្ថែមពី ២៥០.០០០ទៅ៣០០.០០០ ដូសដើម្បីទទួលបានអភ័យ ឯកសិទ្ធិទ្រង់ទ្រាយធំ ។
ទិន្នន័យផ្លូវការបានបង្ហាញថា រហូតមកដល់ពេលនេះមានតែ ២,៩ភាគរយ នៃប្រជាជននៅកៀនយ៉ាង ដែលជាខេត្ត Phu Quoc បានទទួល២ដូស ។
សរុបមក ៧,៣ភាគរយ នៃប្រជាជន៩៨លាននាក់ របស់វៀតណាមត្រូវបានទទួលថ្នាំ បង្ការពេញលេញដែលជា អត្រាទាបបំផុតមួយនៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា