ព័ត៌មានជាតិ

តៃវ៉ាន់ និយាយថា ត្រូវការអាវុធវាយប្រហារឆ្ងាយ ដើម្បីទប់ទល់នឹងចិន


បរទេស៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយនៅថ្ងៃចន្ទនេះថា តៃវ៉ាន់ចាំបាច់ត្រូវមានអាវុធវាយប្រហារក្នុងចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងប្រទេសចិន ដែលកំពុងតែអភិវឌ្ឍយ៉ាងលឿន នូវប្រព័ន្ធរបស់ខ្លួនសម្រាប់វាយប្រហារតៃវ៉ាន់។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SRN News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នំា២០២១ បានឲ្យដឹងថា ថ្លែងនៅក្នុងរដ្ឋសភា លោក Chiu Kuo-cheng បានមានប្រសាសន៍ថា តៃវ៉ាន់ចាំបាច់ត្រូវអាចឲ្យចិនដឹងថា ពួកគេអាចការពារខ្លួនឯងបាន។


ដោយពោលសំដៅដល់សមត្ថភាពមីស៊ីលតៃវ៉ាន់នោះ លោករដ្ឋមន្រ្តីការពារជាតិរូបនេះ បាននិយាយបន្តដូច្នេះថា “ការអភិវឌ្ឍសម្ភារៈ ត្រូវតែមានរយៈចម្ងាយវាយប្រហារឆ្ងាយ បាញ់ត្រង់ចំគោលដៅ និងអាចចល័តបាន ដូច្នោះសត្រូវអាចដឹងថា យើងត្រៀមខ្លួនរួចរាល់ភ្លាមៗ នៅពេលពួកគេបញ្ជូនកងទ័ពពួកគេ”។


គួរបញ្ជាក់ថា នៅក្នុងខែនេះ កោះតៃវ៉ាន់ បានស្នើចំណាយថវិកាការពារជាតិបន្ថែមជិត៩ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ រួមមានទាំងលើការទិញមីស៊ីលថ្មី ទន្ទឹមនឹងការព្រមានពីការត្រូវការបន្ទាន់ ធ្វើទំនើបកម្មអាវុធ ក្នុងទីចំពោះមុខនៃការគម្រាមកំហែងធ្ងន់ធ្ងរ ពីមហាយក្សចិន ដែលអះអាងតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន៕

ប្រែសម្រួល៖ប៉ាង កុង

To Top