ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងថា កម្ពុជាបានសម្រេចសតំឡើង ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ចំនួន២ដុល្លារបន្ថែមទៀត សរុបទាំងអស់ចំនួន១៩៤ដុល្លារ គឺប្រសើរជាងអត់តំឡើង ខណៈបណ្តាប្រទេសក្បែរខាង អត់បានតំឡើងឲ្យ ២ឆ្នាំហើយ ដោយសារតែបញ្ហាកូវីដ១៩ ។
តាមរយៈហ្វេសប៊ុកនាថ្ងៃ២៩ កញ្ញានេះ លោក ហេង សួរ បានថ្លែងថា “យើងដំឡើង ក្នុងខណៈគេ(ប្រទេសជិតខាង) អត់បានដំឡើង ២ឆ្នាំហើយ ។ បានដំឡើង ទោះតិច ឬច្រើន គឺប្រាកដជាប្រសើរជាងអត់ ក្នុងគ្រាដែលយើងថា ខ្លួនកំពុងលំបាក ២ដុល្លារ គឺប្រសើរជាង០ដុល្លារ ។ ក្នុងខណៈដែលយើងឃើញអ្នកផ្សេង កំពុងពិបាករកការងារ ឬកំពុងបាត់បង់ការងារ” ។
លោកថា កម្មករកម្ពុជាពិតជាមានសំណាង ដែលនៅរក្សាការងារ និងចំណូល ។ លោកបន្តថា ក្នុងពេលពិភពលោកគ្រប់គ្រងកូវីដ-១៩ បានល្អ និងពេលប្រទេសគូប្រជែង ចាប់ផ្តើមដំឡើងប្រាក់ឈ្នួលវិញនោះ ការចរចាប្រាក់ឈ្នួល អាចនឹងមានភាពប្រសើរជាងនេះ ។
កាលពីថ្ងៃ២៨ កញ្ញា កិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករ លើកចុងក្រោយសម្រាប់ឆ្នាំ២០២២ បានសម្រេចឲ្យ ១៩២ដុល្លារ ខណៈរាជរដ្ឋាភិបាលបន្ថែម ២ដុល្លារទៀត សរុបទាំងអស់១៩៤ដុល្លារ។
ប៉ុន្តែលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា ក្រោយបញ្ចប់ប្រជុំបានស្នើ ឲ្យភាគីពាក់ព័ន្ធទាំងអស់ ទាំងនិយោជក រាជរដ្ឋាភិបាលពិនិត្យពិចារណា ជុំវិញការពិនិត្យមើលលទ្ធភាព ជាថ្មីម្តងទៀត ក្នុងការផ្តល់ជូនប្រាក់ឈ្នួលទៅកម្មករ ក្នុងកម្រិតណាមួយបន្ថែមទៀត ពីព្រោះ១៩៤ដុល្លារ មិនអាចឆ្លើយតបទៅនឹងការ ចំណាយការរស់នៅរបស់កម្មករបានទេ ៕