ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីពន្យល់ពលរដ្ឋ អោយពួកគាត់ចូលរួមថែរក្សា សមិទ្ធផលដែលបានអភិវឌ្ឍន៍

កំពង់ចាម ៖ អភិបាលខេត្តខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើការពន្យល់បញ្ជ្រាបការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឲ្យពួកគាត់ស្គាល់តម្លៃនៃសមិទ្ធផលរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់មានស្មារតី ចូលរួម ជួយថែទាំនូវសមិទ្ធផលទាំងឡាយ ដែលបានអភិវឌ្ឍក្នុងមូលដ្ឋាន ប្រើប្រាស់បានយូរអង្វែង ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងពេលបិទសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល តាម zoom របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ នៅថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២១ បន្ទាប់ពីមតិជាច្រើន មានចំណាប់អារម្មណ៍ លើការអភិវឌ្ឍន៍ផ្លូវថ្នល់។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២២-២០២៤ សូមឲ្យមន្ត្រីពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានា ជំរុញការអនុវត្តគម្រោងនីមួយៗ ដែលបានសន្យាគាំទ្រអនុវត្តតាមកាលកំណត់ ។ទន្ទឹមនឹងនេះ មន្ទីរជំនាញនិងភ្នាក់ងារអភិវឌ្ឍន៍ ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬធនធានដៃគូនានា បន្តការគាំទ្រ ដល់គម្រោងសកម្មភាពជាអទិភាព ក្រុង-ស្រុក និងឃុំ សង្កាត់ ។

លោកអភិបាលខេត្តបានបន្តថា លោកអភិបាលក្រុង-ស្រុក ត្រូវពិនិត្យមើល គម្រោងជាអទិភាព ដែលបានដាក់ក្នុងសិក្ខាសាលាសមាហរណកម្ម និងពិនិត្យឡើងវិញ តើគម្រោងណាខ្លះបានទទួលការគាំទ្រ និងគម្រោងដែលមិនទាន់បានទទួលការគាំទ្រ និងត្រូវប្រើប្រាស់មូលនិធិរបស់ឃុំសង្កាត់ ដើម្បីដោះស្រាយបញ្ហាជាអតិភាពរបស់ប្រជាជន ។ ត្រូវបន្តធ្វើការអភិវឌ្ឍជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តរភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចធ្វើយ៉ាងណា ឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខមាលភាព និងការងារអប់រំសិក្សាធិការ និងត្រូវបន្តផ្សព្វផ្សាយ គោលនយោបាយនិងវិធានការទាំងឡាយ របស់រាជរដ្ឋាភិ បាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ដោយអនុវត្តវិធានការ ៣កុំ និង ៣ការពារ ៕

To Top