ព័ត៌មានជាតិ

ពលរដ្ឋភូមិស្រែគរ ប្រែជីវភាពថ្មី ក្រោយទទួលសំណង និងការអភិវឌ្ឍ ពីក្រុមហ៊ុន អភិវឌ្ឍវារីអគ្គីសនី សេសានក្រោម២

មែនទែនទៅអស់ពេល ជាង៤ឆ្នាំហើយ ដែលទំនប់វារី អគ្គិសនី សេសានក្រោម២ ត្រូវបានដាក់អោយដំណើរការរហូត ដល់ពេលបច្ចុប្បន្ននេះ។ ដោយត្រូវបានចាត់ទុកថា ជាទំនប់វារីអគ្គិសនី ដែលធំជាងគេ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ទំនប់វារីអគ្គីសេសានក្រោម២ បាននឹងកំពុងផ្តល់ថាមពលអគ្គិសនី និងអត្ថប្រយោជន៏ ជាច្រើនទៀត សម្រាប់បម្រើ ដល់ការអភិវឌ្ឍប្រទេសនិង កសាងសង្គមសេដ្ឋកិច្ច របស់កម្ពុជាអោយរីកចម្រើន ទៅមុខថែមទៀត។ ដោយឡែកយើងក្រឡែកមើល ជីវភាពរបស់ប្រជាជនដែលកំពុងរស់នៅក្បែរទំនប់ វារីអគ្គីសនីនោះវិញ ថាតើ រយៈពេលជាង៤ឆ្នាំ កន្លងមកនេះ ជីវភាពរបស់គាត់ មានការប្រែប្រួលយ៉ាងដូចម្តេចខ្លះ?

ស្ទឹងត្រែង៖ លោក ទី​ ស៊ីថាន់ អាយុ ៥៥ឆ្នាំ​ អតីតអ្នកភូមិស្រែគរចាស់ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា​ កាលពីនៅក្នុង ភូមិស្រែគរចាស់ មុនដូរមកនៅភូមិស្រែគរថ្មី នេះ ផ្ទះសម្បែងរបស់អ្នកភូមិទូទៅភាគច្រើនសុទ្ធតែ ជាផ្ទះឈើ មានទំហំតូច មិនមានផ្ទះថ្មនោះទេ ហើយជីវភាព របស់អ្នកភូមិ ភាគច្រើនក្រីក របរធ្វើស្រែចំការ មានលក្ខណៈវិលជុំ និងរករបរបន្ថែម ដោយធ្វើនេសាទ កាប់ឈើ រកជ័រឈើ និងបរបាញ់សត្វជាដើម។

លោកបន្តថា គ្រួសារខ្លះមានដីស្រែ មិនលើសពី ២ហិកតា នោះឡើយ ហើយត្រូវចែកកូនចៅបន្តបន្ទាប់ទៀត ទៅតាមលទ្ធភាព គ្រួសារដែលមានសមាជិក តិច ឫច្រើនតាមគ្រួសារនីមួយៗ។

ប៉ុន្តែលោក ស៊ីថាន់ បានបញ្ជាក់ថា ក្រោយទទួលបានសំណង ពីក្រុមហ៊ុនវារីអគ្គីសនីសេសាន ដោយផ្តល់ជាផ្ទះ និងដីស្រែចំការ មកនៅលើទីតាំង ដីភូមិស្រែគរថ្មី នេះរួចមក លោក និងក្រុមគ្រួសារ មានការរីករាយសប្បាយចិត្ត ជាខ្លាំង ពីព្រោះថាទីតាំងថ្មីនេះមានផ្ទះដូចៗគ្នា ទំហំដូចគ្នា ផ្លូវខ្វាត់ខ្វែង មានសាលារៀន មន្ទីរពេទ្យ វត្តអារាម ទីសក្ការៈបូជារបស់អ្នកភូមិជនជាតិជាដើម។

លោក ស៊ីថាន់ បានរំលឹកថា៖« ពីដំបូងៗឡើយ ពេលដែលក្រុមហ៊ុន វារីអគ្គិសនីចុះមករៀ​បចំអភិវឌ្ឍភូមិ រូបខ្ញុំផ្ទាល់​ និងក្រុមគ្រួសារ មានការរារែកចិត្ត មិនជឿជាក់លើកក្រុមហ៊ុននោះទេ ហើយគិតថា​ ក្រុមហ៊ុនគេកុហក់ បោកប្រាស់ដើម្បីដេញប្រជាជនចេញ ប៉ុន្តែពេលក្រុមហ៊ុនបានធ្វើផ្ទះរួចរាល់ ហើយអោយអាជ្ញាធរមកប្រា​ប់​ប្រជាជនថា ពួកគាត់អាចមករស់នៅលើផ្ទះថ្មីនេះបាន ដោយស្ម័គ្រចិត្ត រើចេញពីភូមិចាស់មក…..រួចពួកយើងក៏ធ្វើការចាប់ឆ្នោតរើសយកផ្ទះ ដែលក្រុមហ៊ុនបានផ្តល់ជាសំណងដោយមានការសម្របសម្រួលពីអាជ្ញាធរជាមួយនឹងក្រុមហ៊ុន»។

ថ្លែងដោយក្តី សប្បាយរីករាយ ដោយអង្គុយលើតុឈើប្រណិតទទួលភ្ញៀវ វែងប្រហែល៣ម៉ែត្រ តាំងនៅក្រោមផ្ទះ លោក ស៊ីថាន់ បញ្ជាក់ថា គ្រួសារអ្នកភូមិដែលព្រមទទួលយកសំណងពីក្រុមហ៊ុន ទទួលបានដីផ្ទះទំហំ ២០ម៉ែត្រ គុណ៥០ម៉ែត្រ និងដីអាចធ្វើស្រែ ធ្វើចំការបានទំហំ៥ហិចតា ក្នុងមួយគ្រួសារ។ លោកបន្តថា បច្ចុប្បន្ន គ្រួសាររបស់លោកមានសមាជិក៥នាក់ រួមទាំំងកូន៣ ប្រុសស្រី៣នាក់ផង។ លោកបញ្ជាក់ថា ដីស្រែដែលក្រុមហ៊ុនបានចែកអោយ ហើយដែលនៅមិនឆ្ងាយប៉ុន្មានពីទីលំនៅដ្ឋានរបស់លោកនោះ លោកបានប្រកបរបរដាំស្រូវ និងដំណាំរួមផ្សំផ្សេងទៀត ស្វាយចន្ទី ដំឡូងមី ល្ងរ និងបន្លែ បង្ការសម្រាប់ផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ។

លោកបញ្ជាក់ បន្ថែមថា៖« ពេលខ្ញុំ និងគ្រួសារមានមកស្នាក់នៅផ្ទាល់លើផ្ទះរបស់ក្រុមហ៊ុន ខ្ញុំសប្បាយចិត្ត ដោយខុសពីផ្ទះឈើចាស់​។ ផ្ទះសសរថ្ម មានផ្ទះបាយ មានផ្ជាប់បណ្តាញភ្លើងអគ្គីសនី មានបណ្តាញទឹកស្អាត។ ពេលខ្លះខ្ញុំដាំបាយដោយប្រើភ្លើងអគ្គីនី ខុសពីនៅផ្ទះចាស់ធ្លាប់តែដុតអុស។ ខ្ញុំពិតជាមានការប្លែកក្នុងចិត្តមែនទែន ក្រោយពីមករស់នៅក្នុងភូមិថ្មីនេះ»។ 

ជួបផ្ទាល់ជាមួយ អ្នកភូមិមួយរូបទៀត លោក ឌី ភឿង អាយុ៤៣ឆ្នាំ ដែលកំពុងតែបើកត្រាក់ទ័រភ្ជួរដីស្រែ របស់លោកនៅឆ្ងាយ ពីភូមិស្រែគរថ្មី ក៏ដូចជាឆ្ងាយពីលំនៅដ្ឋាន របស់លោកប្រហែល៣គីឡូម៉ែត្ រពីភូមិនោះ លោកបានប្រាប់ថា លោកកំពុងភ្ជួរដីដើម្បីដាំស្វាយចន្ទី និងរៀបចំចិញ្ចឹមគោ។

លោកថា ដីដែលក្រុមហ៊ុន បានផ្តល់ជាសំណង អោយក្នុងទំហំ៥ហិចតានេះ លោកធ្លាប់ធ្វើស្រែ និងដំាដំឡូងមី កន្លងមកទទួលបានទិន្នផល ល្អគួរសម។ ប៉ុន្តែក្នុងឆ្នាំនេះ លោកសាកល្បងភ្ជួរដីដាក់ដាំស្វាយចន្ទីរវិញម្តង ដោយពាក់កណ្តាលដាំស្វាយចន្ទី និងពាក់កណ្តាលទៀតលោកទុកដាក់ចិញ្ចឹមសត្វគោ។

លោក ភឿង ក៏ជាអ្នកភូមិស្រែគចាស់ម្នាក់ផងដែរ ក្នុងចំណោមអ្នកភូមិស្រែគរចាស់ដែលព្រមទទួលយកសំណងរបស់ក្រុមហ៊ុនហើយព្រមមករស់នៅក្នុងភូមិស្រែគរថ្មីនេះ។

 លោកបានបញ្ជាក់ថា ៖« ក្រុមហ៊ុនគេបានផ្តល់សំណងអោយមែនជាក់ស្តែង….ដំណាំក្នុងភូមិចាស់របស់ខ្ញុំមុនរើមកនៅភូមិថ្មីនេះ ក្រុមហ៊ុនបានសងមែន មានផ្ទះ និងដី៥ហិតតា»

លោកមានចិត្តសប្បាយរីករាយចំពោះអ្វីដែលក្រុមហ៊ុនបានផ្តល់ជាសំណងមកដល់រូបលោកនាពេលកន្លងនេះ។ លោកសង្ឃឹមថា ផលដំណាំចន្ទីរបស់លោក នឹងហុចផលបានល្អនាពេលអនាគត់ ហើយការសាកល្បងចិញ្ចឹមគោរបស់គាត់នឹងទទួលបានផលល្អផងដែរ។

សាលាបឋមសិក្សាស្រែគរ ស្ថិតនៅក្នុងភូមិស្រែគរថ្មី ដែលនៅមិនឆ្ងាយពីបណ្តុំផ្ ទះរបស់ប្រជាពលរដ្ឋ ទទួលយកសំណង ពីក្រុមហ៊ុន បានបន្តបើកទ្វារ ទទួលកូនអ្នកភូមិអោយបន្តចូលរៀនឡើងវិញហើយ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈធំ បណ្តាលមកពីជំងឺឆ្ងងកូវីដ១៩។

អ្នកគ្រូ ហ្វឿង ផល្លី ដែលកំពុងតែបង្រៀនសិស្សមានអាយុចាប់ពី៦ឆ្នាំឡើងទៅបានថ្លែងដោយរីករាយសប្បាយចិត្តថា​ កូនសិស្សភាគច្រើនដែលមករៀននៅទីនេះភាគច្រើនជាកូនរបស់អ្នកភូមិស្រែគរនេះតែម្តង។ ពួកគេបានមករៀនដោយទៀងទាត់ពេលវេលា ចាប់តាំង ពីអ្នកគ្រូបានមកបង្រៀននៅទីនេះ។ ទីធ្លារសាលាធំទូលាយ អមដោយអាគារចំនួន៤ខ្នង។

អ្នកគ្រូ ផល្លីបានបញ្ជាក់ថា៖ ទីតាំងសាលារៀនដែលក្រុមហ៊ុនវារីអគ្គីសនីសង់នៅក្នុងភូមិថ្មីនេះមានលក្ខណៈធំទូលាយ ទីធ្លារធំទូលាយងាយស្រួលក្មេងៗរត់លែង…..មិនបារម្ភពីរឿងលិចទឹក និងមានរបងព័ទ្ធជុំវិញបានយ៉ាងល្អស្អាត»។  

​ដោយឡែក ប្រជាពលរដ្ឋឃុំ​ក្បាល​រមាស ប្រហែល៥០គ្រួសារ​ បូករួម​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារផងនោះ បាន​បដិសេធ ​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​​ សំណង​ពី​ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ ​ ហើយ​បច្ចុប្បន្នពួកគាត់​ កំពុង​បន្ត​រស់នៅ​ លើ​ទី​ទួល​នៅក្បែរភូមិចាស់នេះដដែល។

អ្នកស្រី ស្រាំង ឡាញ់ តំណាង​ជនជាតិ​ព្នង ក្នុងឃុំក្បាលរមាសចាស់ បានថ្លែងបា្រប់ពីទុក្ខលំបាក របស់អ្នកភូមិ​ដឹងថា បច្ចុប្បន្ននេះ​ពលរដ្ឋ​ នៅក្នុង​សហគមន៍​ របស់អ្នកស្រី​ចំនួន ៥២​គ្រួសារ ដែល​បដិសេធ​មិន​ទទួល​សំណង មាន​បញ្ហា​ប្រឈម​ច្រើន​ដូចជា កង្វះ​ទឹកស្អាត ខូចខាត​ស្រូវ​កសិកម្ម និងការបាត់បង់អនុផលព្រៃឈើជាដើម។

អ្នកស្រីបន្តថា មូលហេតុដែលអ្នកភូមិរស់នៅ ក្នុងភូមិក្បាលរមាសចាស់ ដែលនៅសេសសល់ ជាង៥០គ្រួសារនេះ មិនព្រមចាកចេញ មិនព្រមទទួលយក សំណងពីក្រុមហ៊ុន នូវដីភូមិ១ប្លង់ និងដីស្រែ៥ហិកតានោះ ដោយសារតែអ្នកភូមិ ចង់រក្សាដីភូមិ វប្បធម៌ប្រពៃណីរបស់អ្នកភូមិ ជនជាតិព្នង ដែលបានតាំងទីលំនៅ ក្នុងភូមិអស់ជាច្រើនជំនាន់មកហើយ នោះ។

អ្នកស្រីបន្តថា ពួកគាត់មិនព្រមចាកចេញជាដាច់ខាត ពួកយើងខ្ញុំមិនត្រូវការសំណងអ្វីនោះទេ។​

អ្នកស្រីស្រាំង ឡាញ់បានបញ្ជាក់យ៉ាងដូច្នេះ៖«ឯដីស្រែចំនួន៥ ហិចតា​ យើងមិនត្រូវការទទួលយកដីរបស់ក្រុមហ៊ុនរៀបចំឲ្យនោះទេ យើងត្រូវការរស់នៅក្នុងដែនទឹកដីភូមិកំណើតរបស់ខ្លួនដែលដូនតារបស់យើងបាននាំយើងរស់នៅតាំងពីយូរឆ្នាំជំនាន់ណាស់មកហើយក៏មិនមែនទើបតែពេលបច្ចុប្បន្នបួនដប់ឆ្នាំនេះទេ… ច្រើនសង្គមហើយដែលដូនតាឪពុកម្តាយយើងខ្ញុំនាំរស់នៅលើទឹកដីឃុំក្បាលរមាសចាស់នេះ។ មូលហេតុនេះហើយបានជាប្រជាពលរដ្ឋមួយចំនួនមិនព្រមយកដីប្រាំហិចតា មិនព្រមយកផ្ទះក្រុមហ៊ុនសាងសង់ឲ្យ យើងមិនចង់ជម្លៀសពីភូមិកំណើត។ ជនជាតិដើមភាគតិចយើងខ្ញុំត្រូវការដីស្រែចម្ការវិលជុំចាស់ត្រូវការទឹកដីកំណើតនេះ»។

អ្នកស្រី បានបន្តថា គោលបំណងរបស់ប្រជាពលរដ្ឋមួយចំនួនដែលខំប្រឹងប្រែងតស៊ូមតិសម្រាប់កត្តារស់នៅលើទឹកដីភូមិកំណើតរបស់ខ្លួនគឺចង់រក្សាអត្តសញ្ញាណដីដូនតានាំរស់នៅ ថែរក្សាមិនចង់ឲ្យបាត់បង់។

អ្នកស្រី ស្រាំង ឡាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖« ពួកយើងខ្ញុំស្នើសុំអោយអាជ្ញាធរ និងក្រុមហ៊ុនកាត់ដីចំនួន៤០០០ហិចតា និងដីខាងទឹកទន្លេចំនួន៣០០០ហិចតា និងស្នើសុំចុះបញ្ជីដីផងដែរ ទុកអោយពួកយើងខ្ញុំសម្រាប់ទុកធ្វើជាដីសមូហភាព។

ដោយឡែកអ្នកភូមិ ដែលកំពុងបន្តរស់នៅ លើទីទួលសុ​វត្ថិភាព ស្ថិតក្នុងភូមិស្រែគរចាស់ នៅសេសសល់ប្រមាណជាង៤០គ្រួសារ បានថ្លែងអោយដឹងថា ភាគច្រើនអ្នកភូមិដែលនៅសេសសល់ចង់បានសំណងជាលុយចំនួន១ម៉ឺន៥ពាន់ដុល្លារអាមេរិក។ ពួកគាត់មិនព្រមទទួលយកដី ផ្ទះ ដែលក្រុមហ៊ុនផ្តល់អោយនោះទេ។

លោក ហ្វុត ឃឿន តំណាងអ្នកភូមិស្រែគរចាស់ បានថ្លែងបញ្ជាក់ថា ពួកយើងខ្ញុំដែលនៅសេសសល់ទីនេះ គឺមិនព្រមចាកចេញទេ ។ ពួកយើងចង់បានសំណងជាលុយសម្រាប់សង់ផ្ទះនៅលើភូមិកំណើតដូនតា របស់យើងនេះ និងរក្សាវប្បធម៌ ដូនតាយើង។​  

លោក ឃឿន បានបន្តថា ៖« ខ្ញុំសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសុំអោយគាត់ចុះបញ្ជីដីស្របច្បាប់ដល់យើងខ្ញុំ»។

ដោយឡែកលោក ញ៉េន ជាតិ ជំទប់ទី១ ឃុំស្រែគរ បានថ្លែងអោយដឹងថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន បានពិនិត្យឃើញថា សំណងរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន គឺសមស្របល្មបអាចទទួលយកបាន។

លោកបន្តថា ដោយពិនិត្យឃើញថាអ្វីដែលប្រជាពលរដ្ឋអាចទទួលយកបានគឺថា កន្លងប្រជាពលរដ្ឋដែលធ្លាប់រស់នៅក្នុងតំបន់លិចទឹកគឺជីវភាពរបស់ពួកគាត់រស់នៅ មិនដូចសព្វថ្ងៃនេះទេ ពីព្រោះក្នុង១គ្រួសារពួកគាត់មានដី យ៉ាងច្រើនបំផុត២ហិចតា។ លោកបញ្ជាក់ថា៖  ប៉ុន្តែពេលពួកគាត់យល់ព្រមទទួលយកសំណងពីក្រុមហ៊ុនយើងសង្កេតឃើញថា ជីវភាពរបស់ពួកគាត់មានការប្រែប្រួលទ្វេដង។

ទោះយ៉ាងណាលោក ញ៉េន ជាតិ បន្តថា សម្រាប់គ្រួសារដែលនៅសេសសល់ អាជ្ញាធរនឹងបន្តជួយពន្យល់ពួកគាត់អោយយល់ព្រម ឫក៏ស្វះស្វែងរកមធ្យោបាយជួយដល់ពួកគាត់ទៀតតាមការជាក់ស្តែង។

បើតាមលោក ញ៉េន ជាតិ ផ្ទះនិងដី ដែលក្រុមហ៊ុនសាងសង់ទុកផ្តល់ជាសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គឺនៅសល់ត្រៀមទុកជូនប្រជាពលរដ្ឋនៅឡើយទេ គឺរងចាំតែពួកគាត់យល់ព្រមទទួលយកតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ពួកគាត់អាចមកចូលស្នាក់នៅពេលណាក៏បាន អោយតែគាត់យល់ព្រមចាកចេញពីភូមិចាស់នោះមក។

សម្រាប់លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានថ្លែងថា ក្រោយពីមានគោលការណ៏ដោះស្រាយសំណងរួចមក លោកសង្កេតឃើញថាមានប្រជាពលរដ្ឋដែលបានសម្រេចចិត្តព្រមទទួលយកសំណងមានជីវភាពធូរធារជាងប្រជាពលរដ្ឋដែលមិនទាន់ព្រមទទួលយកសំណង។

ដោយឡែក សម្រាប់អ្នកភូមិដែលមិនចាកចេញ ហើយបានស្នើ អោយអាជ្ញាធរចុះវាស់វែងដីជូនពួកគាត់នោះ ខាងស្រុកនឹងពិភាក្សាជាមួយនឹងអភិបាលខេត្តសិន ទើបសម្រេចវាស់វែងជូនពួកគាត់។

លោក សុវណ្ណ ពិសេដ្ឋ បានបញ្ជាក់ថា «ដោយសារតែកន្លងមក ពួកគាត់មិនយល់ព្រម ហើយពួកគាត់មានលក្ខ័ណ ច្រើនទើបធ្វើអោយមានការជាប់គាំង យ៉ាងដូច្នេះ។ ប៉ុន្តែក្រោយពួកគាត់មានសំណូមពរយ៉ាងដូច្នេះ យើងនឹងមានដំណោះស្រាយជូនពួកគាត់ឆាប់នេះ។ ដោយឡែក គ្រួសារអ្នកភូមិស្រែគរចាស់ដែលទាមទារសំណងលុយចំនួន១៥០០០ដុល្លារ ខាងស្រុកមានការលំបាក ដោយសារតែគោលនយោបាយដោះស្រាយសំណងបានបិទបញ្ចប់រួចរាល់ហើយ ខណៈដែលក្រុមហ៊ុនបានរៀបចំមានផ្តល់ផ្ទះ និងដីជូនពួកគាត់រួចរាល់ហើយនោះ។ យ៉ាងណាក៏ដោយ លោកអភិបាលស្រុក បានស្នើសុំអោយពួកគាត់មានការយោគយល់ និងរង់ចាំការចុះវាស់វែងកាត់ដីនៅនឹងកន្លែងជាក់ស្តែងដែលពួកគាត់កំពុងរស់នៅអាស្រ័យផល»។

កាលពីថ្ងៃទី១០​ ខែសីហាកន្លងទៅនេះ អង្គការឃ្លាំ​មើលសិទ្ធិមនុស្ស​អន្តរជាតិ​ (Human Rights Watch)​ ​បានចេញរបាយការណ៍​ កម្រាស់​១៣៧ទំព័រ​ ដោយបានបង្ហាញអំពី​ផលប៉ះពាល់ ​នៃការសាងសង់​ទំនប់វារីអគ្គិសនី​សេសានក្រោម២​ទៅលើក្រុមជនជាតិ​ដើមភាគតិច​ដែលរស់នៅ​ជុំវិញ​តំបន់នោះ។​ អង្គការអន្តរជាតិ​មួយនេះ ​បានចាត់ទុក​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២នេះថា ​ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍ​«ខ្សែក្រវាត់​ និងផ្លូវ​»របស់ចិន​ និងថា​ គម្រោងនេះ​បានធ្វើឱ្យ​អន្តរាយ​ដល់ការលើកស្ទួយ​សិទ្ធិមនុស្ស​ វប្បធម៌ និងការរស់រានជីវិតពនានានៅកម្ពុជា​។

ឆ្លើយតបនឹង របាយការណ៏ខាងលើ របស់អង្គសិទ្ធិមនុស្ស អន្តរជាតិខាងលើនេះ លោក ម៉ែន គុង អ្នកនាំពាក្យសាសាខេត្តស្ទឹងត្រែង បានផ្តល់បទសម្ភាសថា របាយការណ៏របស់អង្គការខាងលើមិនមានភាពជាក់ស្តែងទេ ។

លោកបានបន្តថា មានបងប្អូនប្រជាពលរដ្ឋ ប្រមាណមិនដល់ ១០០គ្រួសារផងដែលមិនព្រមចាកចេញ ខណៈជាង៩០០គ្រួសារផ្សេងទៀត បានព្រមទទួលយកសំណង និងចាកចេញទៅនៅភូមិថ្មីដោយមានជីវភាពធូរធារផងដែរនោះ។

លោក ម៉ែន គុង បានបន្តថា យើងទទួលស្គាល់ថា ប្រជាពលរដ្ឋជិត១០០គ្រួសារដែលមិនព្រមចាកចេញនេះ គឺពួកគាត់ស្នើសុំមិនចង់ចាកចេញឆ្ងាញពីមូលដ្ឋានចាស់របស់គាត់ គាត់ស្នើសុំរស់នៅក្បែរៗមូលដ្ឋានចាស់របស់គាត់។ ពួកគាត់បានតាំងទីលំនៅរួចរាល់ហើយ ខណៈដែលអាជ្ញាធរបានកំពុង សម្របសម្រួលពួកគាត់ ដោយរៀបចំវាស់វែង ដីធី្លជូនពួកគាត់តាមការស្នើសុំ។ ប៉ុន្តែដោយសារពួកគាត់ មានលក្ខ័ណច្រើន ទើបបណ្តាលអោយមានការយល់ច្រឡំយ៉ាងដូច្នេះ។

លោកបានបន្ថែមថា ទំនប់វារីអគ្គីនីសេសានក្រោម២ ត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាចាត់ទុកថាជា សមិទ្ធិផលដ៏មានតម្លៃយ៉ាងធំធេង ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច​ សង្គមកម្ពុជា ជារួម និងដោយឡែក ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ក៏ដូចជាប្រជាលរដ្ឋ នៅជាប់ខេត្តស្ទឹងត្រែង ផងដែរ។

គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ នៅមានប្រជាពលរដ្ឋពីរភូមិ គឺភូមិក្បាលរមាស និងភូមិស្រែគរ ប្រមាណជិត១០០គ្រួសារ នៅមិនទាន់ទទួលយកសំណងរបស់រដ្ឋាភិបាលនិងក្រុមហ៊ុន ជាថ្នូរនឹងការចាកចេញពីភូមិចាស់ដែលកំពុងលិចលង់នៅក្រោមទឹកនោះនៅឡើយទេ។

វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​នេះ​ស្ថិត​នៅ​ឃុំ​ភ្លុក ឃុំ​ស្រែគ និង​ឃុំ​ក្បាលរមាស ស្រុក​សេសាន​ដោយ​មាន​ទំនប់​ប្រវែង ៦,៥ ​គីឡូម៉ែត​ដែល​វែង​បំផុត​ក្នុង​ទ្វីប​អាស៊ី​ក្រោម​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Hydrolancang International Energy របស់​ចិន​ដាក់​ទុន​វិនិយោគ​ចំនួន ៥១ ​ភាគរយ​, ក្រុមហ៊ុន Royal Group របស់​ខ្មែរ​ដាក់ទុន​ចំនួន ៣៩ ​ភាគរយ និង​ក្រុមហ៊ុន EVNI របស់​វៀតណាម ដាក់ទុន​វិនិយោគ​ចំនួន ១០ ​ភាគរយ​។

 ការវិនិយោគ​នេះ​តាម​រូបភាព​សាងសង់​ដំណើរការ​ផ្ទេរ (BOT) មាន​រយៈពេល​សម្បទាន ៤៥ ​ឆ្នាំ​ដែល​ក្នុង​នោះ​រយៈពេល​ ៥ ​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ និង​ ៤០ ​ឆ្នាំ​សម្រាប់​ធ្វើ​អាជីវកម្ម​។​

វារីអគ្គិសនី​សេសាន​ក្រោម​ ២ ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការដោយសម្តេចអគ្គសម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី២០១៨ កន្លងទៅក្នុងគម្រោងទុនវិនិយោគអស់​​អស់​ ៨០០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ផ្ដល់​ថាមពល​អានុភាព​ ៤០០ ​មេហ្គាវ៉ាត់​ សម្រាប់បំរើអោយវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា៕

To Top