ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនប្រជានុរាស្រ្តចាស់ជរាជាង ៤០០នាក់

ភ្នំពេញ៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម សម្រាប់សម្រាលទុក្ខលំបាក ជូនប្រជានុរាស្រ្តជាកូនចៅ របស់ព្រះអង្គចំនួន ៤៦៥នាក់ ស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

យោងតាមហ្វេសប៊ុក Royal Du Cambodge បានឲ្យដឹងថា ការប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម គឺធ្វើឡើងក្នុងឱកាសទិវាមនុស្សចាស់ និងក្រោមព្រះរាជហឫទ័យ ទុកដាក់ខ្ពស់ជានិច្ចអំពីជីវភាព និងសុខទុក្ខក្នុងការរស់នៅ របស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ជាពិសេសប្រជានុរាស្រ្តចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ។

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានប្រគល់ជូន ប្រជានុរាស្រ្តចាស់ជរាគ្មានទីពឹង កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូ ឃីត ១កញ្ចប់(មុខ១ ភួយ១ ក្រមា១ សារុង១) ម៉ាស ១០បន្ទះ មី ២កេស ត្រីខកំប៉ុង ១យួរ អាវយឺត និងអាវរងា មានស្លាកព្រះរាជអំណោយចំនួន ១ និងថរិកា ២០ម៉ឺនរៀល និងគ្រូពេទ្យ ៥នាក់ ក្នុងម្នាក់ៗ ថរិកា ១០ម៉ឺនរៀល។

កូនចៅប្រជានុរាស្រ្ត ទូទាំងព្រះរាជាណាចក្រ សូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងសូមចារឹកទុកក្នុងក្រអៅបេះដូង នូវព្រះរាជសកម្មភាព ដ៏វិសេសវិសាល នៃព្រះអង្គ ដែលបានដង្ហែតាមយ៉ាងខ្ពង់ខ្ពស់បំផុត នូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម ដ៏រុងរឿងនៃយើង ក្នុងការជួយសម្រាលទុក្ខលំបាក និងតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំ នៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យ ប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា ៕

To Top