ព័ត៌មានជាតិ

ទូតអូស្រ្តាលី អញ្ជើញលោក កឹម សុខា មកហូបអាហារពេលព្រឹក

ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា បានអញ្ជើញលោក កឹម សុខា មកទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារ នៅនិវាសដ្ឋានរបស់ទូត ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

បើតាមលោក កឹម សុខា ផ្សាយក្នុងហ្វេសប៊ុក លោកមិនបានលើកឡើង ពីក្នុងជំនួបនៃអាហារពេលព្រឹកនេះ ផ្តោតកិច្ចពិភាក្សាអ្វីនោះទេ គ្រាន់តែលោកលើកឡើងថា អូស្ត្រាលី គឺជាប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្សជឿនលឿនដ៏ធំមួយ ស្ថិតនៅមិនឆ្ងាយពីកម្ពុជា ក្នុងតំបន់អាស៊ីនេះ។

លោកថា ជាពិសេសអូស្ត្រាលី ជាប្រទេសដែលចូលរួមយ៉ាងសកម្មជួយដល់កម្ពុជា ក្នុងការបង្កើតនិងអនុវត្តន៍ នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលរហូតមកដល់ឆ្នាំនេះ ខែនេះ គឺជាខួប៣០ឆ្នាំហើយ ។

លោកសង្ឃឹមថា ប្រទេសដែលប្រកាន់យក នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សមួយនេះ នៅតែចង់ឃើញ និងជួយដល់ប្រជាពលរដ្ឋខ្មែរ ឲ្យទទួលបាននូវអ្វីដែលស្របតាមស្មារតីនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ក៏ដូចជារដ្នធម្មនុញ្ញកម្ពុជាផងដែរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top