ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជារដ្ឋបាលរាជធានី-ខេត្ត ត្រៀមទុកជាមុននូវយុវជន មានសមត្ថភាព ធ្វើជាអភិបាលស្រុក ឬអភិបាលរងខេត្ត (Video)

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចុះប្រកាសតំណែង អភិបាលខេត្តថ្មីៗជាប់ៗគ្នា ។ សម្រាប់ការប្រកាសតំណែងលោក ជាវ តាយជាអភិបាលខេត្តពោធិ៍សាត់ថ្មី សម្តេចបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវត្រៀមទុកជាមុន នូវយុវជនដែលមានសមត្ថភាពខ្ពស់ ដើម្បីធ្វើជាអភិបាលស្រុក ឬអភិបាលរងខេត្ត ព្រោះខេត្តមួយចំនួន ធ្វើបានជោគជ័យដោយសារការជ្រើសរើសមន្រ្តីវ័យក្មេង ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តពោធិ៍សាត់ថ្មី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តពោធិ៍សាត់ សម្ដេច ស ខេង បានបញ្ជាក់ថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំទុកជាមុន នូវយុវជនដែលមានសមត្ថភាព និងមានលទ្ធភាព ក្នុងការបម្រើការងារនៅក្រុង-ស្រុក-ខណ្ឌ និងខេត្ត។

សម្ដេចមានប្រសាសន៍ថា «ដូច្នេះកុំឲ្យខ្វះប្រភពហ្នឹង ព្រោះថា ឥឡូវនឹងការចាត់ចែងមន្ដ្រីហ្នឹង យើងបានប្រគល់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយព្រះរាជក្រឹត្យ បានទម្លាក់មកឲ្យរដ្ឋបាលខេត្តទទួលខុសត្រូវ ហើយរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់គិតអំពីបញ្ហានេះ ជៀសវាងថា ដល់ពេលទៅរកមនុស្ស ដើម្បីដាក់ធ្វើតំណែងនេះ ធ្វើតំណែងនោះ នៅថ្នាក់ស្រុកក្ដី នៅថ្នាក់ខេត្តក្ដី យើងពិបាក ដោយយើងមិនបានគិតទុកជាមុន ហើយមានខេត្តខ្លះ ធ្វើបានល្អ ហើយខេត្តមានខ្លះទៀតក៏មានបញ្ហា ក្នុងការរើសមន្ដ្រី»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចរៀបរាប់ថា បច្ចុប្បន្នមានខេត្តមួយចំនួន បានគិតគូរពីចម្ងាយ ហើយបានបញ្ជូនមន្ដ្រីជាយុវជន ដែលបានរៀនសូត្រចប់បរិញ្ញាបត្រ ចុះទៅធ្វើការងារនៅមូលដ្ឋាន ដូចជា ៖ នៅថ្នាក់ស្រុក នៅតាមការរិយាល័យ ថ្នាក់ស្រុក ជាដើម ។ សម្ដេចថា ក្រោយមកទៀត រដ្ឋបាលខេត្តបានស្រង់មន្ដ្រីទាំងនោះមកវិញ ដើម្បីតែងតាំងជាអភិបាលរងស្រុក រហូតដល់ធ្វើជាអភិបាលរងខេត្ត ឬអភិបាលខេត្ត។

សម្ដេច ក៏បានស្នើរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវពិនិត្យមើល និងជោគវាសនាទៅថ្ងៃអនាគត ប្រទេសជាតិ ព្រមទាំងបើកឱកាសយុវជន បានសិក្សារៀនសូត្រ នៅថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិត ដើម្បីយកចំណេះដឹងទាំងនោះមកធ្វើការនៅថ្នាក់ក្រោមជាតិ ព្រោះពេលបច្ចុប្បន្នយុវជនមានចំណេះដឹង សមត្ថភាព និងបទពិសោធន៍ច្រើន។

ជាងនេះទៅទៀត សម្ដេច ស ខេង បានរំលឹកថា កាលជំនាន់មុនពិបាករកអ្នកមានសមត្ថភាពឈរឈ្មោះធ្វើមេឃុំ-ចៅសង្កាត់។ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ន មានអ្នកមានសមត្ថភាពឈរឈ្មោះធ្វើ មេឃុំ-ចៅសង្កាត់ ច្រើន ដោយសារពួកគាត់មានចំណេះដឹង និងសមត្ថភាព តាមរយៈការបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រ ៕

To Top