ភ្នំពេញ: តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២១នេះ បានប្រកាសសាលដីកា តម្កល់ទណ្ឌកម្ម បុរសជាប់ចោទ ជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធពាក់ព័ន្ធនឹង អំពើឃាតកម្ម និង ការបំបាំងសាកសព ដោយបានធ្វើសកម្មភាពសម្លាប់ ស្ត្រីចិនម្នាក់ ដែលត្រូវជាគូស្នេហ៍ ដោយសារតែ នឹងជនរងគ្រោះ មិនយកកូនចេញ ខណះនាង មានផ្ទៃពោះច្រើនខែ ។
អំពើឃាតកម្មនេះ បានឡើងនៅក្នុងផ្ទះសំណាក់ឈ្មោះ «New Paris Guesthouse» ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកស្រី ចាន់ ម៉ារីណា ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានអោយដឹងក្នុងអង្គសវនាការថា ជនជាប់ចោទ មានឈ្មោះ យ៉ាង យ៉ាង (Yang Yang) ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជាជនជាតិចិន។ចំណែក ជនរងគ្រោះ មានឈ្មោះ ម៉ៅ ហ្ស៊ាវ លីន( Miao Xiao Lin) មានមុខរបរនារីខារ៉ាអូខេ ។ អ្នកទាំង២ គឺ គូសេ្នហានឹងគ្នា។
ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ និង បង្គាប់អោយសងសំណងជម្ងឺចិត្ត ដល់ម្តាយជនរងគ្រោះ ចំនួន ៥ ម៉ឺនដុល្លារអាមេរិក។
តែគាត់ប្តឹងបានជំទាស់ នឹងសេចក្តីសម្រេចរបស់តុលាការ រាជធានីភ្នំពេញ មកតុលាការឧទ្ទរណ៍រាជធានីភ្នំពេញ។
លោកស្រីចៅក្រម បានបញ្ជាក់ថា ជនជាប់ចោទ ឈ្មោះ យ៉ាង យ៉ាង ត្រូវបានជាប់ចោទពីបទ« ឃាតកម្ម និង លាក់បំបាំងសាកសព» និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
គួររំលឹកថា នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ យ៉ាង យ៉ាង បានឆ្លើយសារភាពអំពី កំហុសរបស់ខ្លួន តែ គាត់និយាថា គាត់ គ្មានចេតនា ឬ គោលបំណង នឹងសម្លាប់ជនរងគ្រោះនោះទេ។
ឈ្មោះយ៉ាងយ៉ាង បានសុំអោយតុលាការឧទ្ធរណ៍ មេត្តាធ្វើការដូរបទចោទប្រកាន់ចំពោះគាត់ ពីបទ« ឃាតកម្ម និង លាក់កំបាំង សាកសព» មកជាបទ« ហិង្សាដោយអចេតនា បណ្តាលអោយរងគ្រោះស្លាប់» វិញ និង បន្ធូរបន្ថយទោស ដល់គាត់ខ្លះផង ពីព្រោះ ថា គាត់ គ្មានចេតនា នឹង សម្លាប់ជនរងគ្រោះ នៅថ្ងៃកើត ហតុនោះទេ ៕
ដោយ: រស្មី អាកាស