ព័ត៌មានជាតិ

តុលាការកំពូល សម្រេចដោះលែង បុរសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការខេត្តបាត់ដំបង កាត់ទោស ដាក់គុក អស់មួយជីវិត ជាប់សង្ស័យសម្លាប់ប្រពន្ធរបស់គាត់

ភ្នំពេញ: តុលាការកំពូល កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានសម្រេចទម្លាក់ចោលការចោទប្រកាន់ និង បង្គាប់ឱ្យដោះលែង ជនជាប់ចោទបុរសម្នាក់ ដែលត្រូវបានតុលាការខេត្តបាត់ដំបង កាលពីឆ្នាំ ២០១៩ កាត់ទោសគាត់ ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធការសង្ស័យថាគាត់ សម្លាប់ប្រពន្ធ-របស់គាត់-ជាគ្រូបង្រៀន-ដោយប្រច័ណ្ធ និង ប្រើប្រាស់ថ្នាំញៀនផង-ប្រព្រឹត្តនៅចំណុចឃ្លាំងផ្ទុះ ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩។

លោកច័ន្ទ រង្សី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះស្តីទី នៃ តុលាការកំពូល បានអានសាលដីការបស់តុលាការកំពូល ដែល មានសំអាងហេតុ-និង អង្គច្បាប់យ៉ាងវែង អន្លាយ-និងដែលបានបញ្ចាក់យ៉ាងច្បាស់ថា –ជនជាប់ចោទ ពិតជាមិនបានដឹងឬ ជាប់ពាក់ព័ន្ធ ឬ បានសម្លាប់ស្ត្រីរងគ្រោះ ដែលត្រូវជាប្រពន្ធរបស់គាត់នោះទេ–នៅក្នងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ។

យោងតាមឯកសាររបស់តុលាការបានអោយដឹងថា ជនជាប់ចោទ រូបនេះមានឈ្មោះ ព្រំសួស សំណាង ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅ ភូមិរុន, ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ អូន ចាន់ថា អាយុ២៩ ឆ្នាំ មុខរបរ ជាគ្រូបង្រៀនសាលាបឋមសិក្សាអំពិលលើ នៅក្នុងឃុំ សំឡូត។

ពួកគេទាំង២នាក់ គឺ ជាប្តីប្រពន្ធ នឹងគ្នា និងមានកូនចំនួនបីនាក់ ស្ថិតនៅក្នុងបន្ទុក។

នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ, ជនជាប់ចោទឈ្មោះ ព្រំសួស សំណាង
ត្រូវចាប់ខ្លួន កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៩ និង ត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២០ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់អស់ មួយជីវិត ពីបទ: ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។

សាលាដំបូងខេត្តបាត់ដំបង ក៏បានបង្គាប់ឱ្យជនជាប់ចោទត្រូវបង់ប្រាក់ចំនួន ២០០លានរៀល ជាថ្លៃជម្ងឺចិត្ត អោយទៅ ឈ្មោះ សោម ធា ភេទស្រី អាយុ ៦៥ ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ ដែលជាភាគីដើមចោទ។

តែជនជាប់ចោទបានប្តឹងជំទាស់មកកាន់ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។ សាលាឧទ្ទរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១២១ បានសម្រេចសេចក្តី ដោយធ្វើការច្រានចោល សាលក្រមរបស់សាលាដំបូងខេត្តបាត់ដំបង និង សម្រេចអោយជនជាប់ចោទ បានរួចផុត ពីបទចោទប្រកាន់ខាងលើ និង បង្គាប់ឱ្យដោះលែង ជនជាប់ចោទ ពីពន្ធនាគារ។

ក៏ប៉ុន្តែ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង និង ម្តាយរបស់ជនរងគ្រោះ ដែលជាភាគី ដើមចោទ បានប្តឹងសារទុក្ខមកកាន់តុលាការកំពូល៕ ដោយ រស្មី អាកាស

To Top