ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាវេជ្ជសាស្រ្ត នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ខ្លួនទៅតាមកម្មវិធីដែលបានគ្រោងទុក។
លោក វេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ប្រធានក្រុមប្រឹក្សាវេជ្ជសាស្រ្ត នៃ ប.ស.ស. ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំនាព្រឹកនេះ លោកបានថ្លែងឱ្យដឹងថា នេះជាកិច្ចប្រជុំដំបូង ហើយក៏ជាពេលវេលាដ៏ល្អបំផុតសម្រាប់សមាជិកនៃក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. ទាំងអស់អាចធ្វើការពិក្សាគ្នា ដើម្បីពិនិត្យទៅលើគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. និងដើម្បីកំណត់អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វលភាព របស់សមាជិក ប.ស.ស. ឱ្យកាន់តែមានលក្ខណៈច្បាស់លាស់ និងកាន់តែល្អប្រសើរ ក្នុងការផ្តល់សេវារបបសន្តិសុខសង្គមជូនបងប្អូនកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
ជាមួយគ្នានេះ លោក វេជ្ជបណ្ឌិត បានក្រើនរំលឹក ដល់សមាជិកក្រុមប្រឹក្សាវេជ្ជសាស្រ្តទាំងអស់ មេត្តាស្វែងយល់ និងខិតខំអនុវត្តតាមអនុក្រឹត្យ ដែលកំណត់ពីតួនាទីភារកិច្ច និងលិខិតបទដ្ឋានគតិយុត្តនានាប្រកបដោយទំនួលខុសត្រូវខ្ពស់ និងធ្វើឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
គួរឱ្យដឹងថា បើយោងតាមមាត្រា៤៧ នៃច្បាប់ ស្តីពីរបបសន្តិសុខសង្គម បានចែងថា ក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. មានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ និងតាមដាន ទៅលើការអនុវត្តកិច្ចព្រមព្រៀងរបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ក៏ដូចជាប្រសិទ្ធភាព នៃការផ្តល់សេវាជូនសមាជិក ប.ស.ស. របស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាវេជសាស្រ្ត នៃ ប.ស.ស. សរុបចំនួន ១១នាក់៕