ភ្នំពេញ៖ បុរសជាប្តីកំរោលចូលម្នាក់ ប្រហែលដោយសារតែក្តីប្រច័ណ្ឌប្រពន្ធហួសហេតុ បានយកកាំបិត ផ្គាក់កាប់ទៅលើប្រពន្ធរបស់ខ្លួន ជាច្រើនកាំបិត ចំក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង រួចធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ទាំងប្តីនិងប្រពន្ធ ដោយ បន្សល់ទុកនូវ កូនៗ ក្លាយជាក្មេងកំព្រា ឥតមេបា។
ករណីឃាតកម្មនេះ បានកើតឡើង កាលពីថ្ងៃទី ទី ៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២០និង៤៥នាទី នៅចំណុចរោងចំការរបស់ជនរងគ្រោះ ដែលមានទីតាំង ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ផាន់ ពៅ អាយុ៥២ឆ្នាំ មុខរបរកសិករ ទីលំនៅជាមួយគ្នា ត្រូវជាប្តី ។ ចំណែកឯ ជនរងគ្រោះ ឈ្មោះ ចាន់ គួយ អាយុ៥៧ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធ។
អ្នកទាំងពីរ មានទៅលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា យោងតាមការស្រាវជ្រាវបឋម, មូលហេតុ នៃ អំពើឃាតកម្មនេះ គឺ បណ្តាលមកពីជនដៃដល់ជាប្តីនោះ ប្រច័ណ្ឌហួសហេតុ ចំពោះ ប្រពន្ធដែលជាជនរងគ្រោះ។
បច្ចុប្បន្ននេះ, សាកសពរបស់អ្នកទាំង២ ត្រូវបានមន្ត្រីសមត្ថកិច្ចជំនាញ ប្រគល់ឱ្យទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីការពិនិត្យ និង ធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់៕ដោយ រស្មី អាកាស