ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលេចអំពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់កម្ពុជា ក្នុងការអភិរក្សថែរក្សា និងលើកកម្ពស់តម្លៃលេចធ្លោជាសកល នៃបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវបានអង្គការយូណេស្កូ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌។
ក្នុងអង្គមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្កូ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ភឿង សកុណា បានថ្លែងថា «រំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទុកវិស័យវប្បធម៌ជាតិ ជាវិស័យអាទិភាព ជាពិសេសកិច្ចការពារឱ្យបាននូវរមណីយដ្ឋាន បេតិកភណ្ឌពិភពលោករបស់កម្ពុជានានា ស្តែងឡើង តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ»។
លោកស្រី បានបន្ដថា តាមរយៈនេះ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ក្រោមការប្រើប្រាស់ធនធានមនុស្ស ដែលខ្លួនមាន សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានទាំងផ្នែករូបី និងអរូបី ក្នុងអំឡុងការរាតត្បាតជំងឺឆ្លងកូវីដ១៩ នាពេលកន្លងមកនេះ។
លោកស្រី ក៏បានថ្លែងអំណរគុណចំពោះ គណៈកម្មាធិការអន្តរជាតិសម្រាប់កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តនានារបស់កម្ពុជា ដូចជា ICC-អង្គរ សំបូរព្រៃគុក និង ICC-ព្រះវិហារ ចំពោះកិច្ចគាំពារនានា។
នាឱកាសនោះ លោកស្រី រដ្ឋមន្ដ្រី ក៏បានលើកឡើងថា ដោយឡែកវិស័យសារព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាពិសេសដោយផ្តល់សិទ្ធិសេរីភាពបញ្ចេញមតិ ព័ត៌មានប្រកបដោយក្រមសីលធម៌ និងការចងក្រងឯកសារបេតិកភណ្ឌផងដែរ។ តាមរយៈនេះ គម្រោងចងក្រងប័ណ្ណសារសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានបញ្ចប់ហើយសាធារណៈជនអាចចូលមើលបានគ្រប់ពេល។ គួរកត់សម្គាល់ផងដែរថា សារមន្ទីរប្រល័យពូជសាសន៍នេះ បានទទួលរង្វាន់នៃការចងចាំពិភពលោកឆ្នាំ២០២០ (Prix UNESCO/Jikji) ក្នុងនាមជាមជ្ឈមណ្ឌលអស្ចារ្យ សម្រាប់ការអប់រំ ឆ្ពោះទៅរកសន្តិភាព និងការអប់រំប្រជាជនសាកលលោក៕