ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនាផ្លូវមួយខ្សែ ប្រវែងជាង៦គីឡូម៉ែត្រ

ភ្នំពេញ៖ កំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រ ទទឹង១២ម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ដែលជាចំណងដៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនប្រជាពលរដ្ឋ នៅជាយក្រុងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានជួសជុលឡើងវិញ ក្រោយពីកំណាត់ផ្លូវនេះ បានទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ។

ក្នុងពិធីបើកការដ្ឋាន នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ហើយដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែប្រវែងជាង៦ គីឡូម៉ែត្រនេះឡើងវិញ។

ជាមួយគ្នានោះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កំណាត់ផ្លូវ១ខ្សែ ដែលបានបើកការដ្ឋាន ជួសជុលខាងលើនេះ រងការខូចខាត ដោយបញ្ញាជំនន់ទឹកភ្លៀង និងមានប្រវង៦,៤៩០ម៉ត្រ នៅក្នុងភូមិសាស្ត្រអន្តរខណ្ឌគឺ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល និង សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំាងខណ្ឌព្រែកព្នៅ ជាផ្លូវដី (កាលពីមុនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ)៕

To Top