ព័ត៌មានជាតិ

ស្ត្រីវ័យចំណាស់ម្នាក់ ដុតសម្លាប់ប្ដីរបស់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ភ្លាមៗ បន្ទាប់ពីដុតសម្លាប់ប្ដីខ្លួនឯង កាលម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមិនដឹងមូលហេតុ ។ នេះបើតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីកន្លែងស្នាក់នៅផ្ទះផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធ (ឃាត់ខ្លួន)។ ចំណែឯជនរងគ្រោះឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំពេទ្យ ទីកន្លែងស្នាក់នៅផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ស្លាប់) ។

វត្ថុតាងរួមមាន ៖ ដបទឹកសុទ្ធសំរាប់ដាក់អាកុល ចំនួន១, ដែកកេសចំនួន២, អំបោសមួយឆេះខាងចុង, ប្រដាប់កើបសំរាម១, កំទេចពូកឆេះចំនួន១ថង់ និងមេសោរ កូនសោរមួយចំនួន។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២រំលងអាធាត្រ នៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ(ត្រូវជាប្តី) កំពុងដេកនៅក្នុងផ្ទះជាមួយជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ៧៧ឆ្នាំ (ជាប្រពន្ធ) ។ ពេលនោះជនសង្ស័យបានយកអាកុលកន្លះលីត្រ (មួយដបទឹកសុទ្ធ) ចាក់នៅលើពូក និងលើខ្លួនជនរងគ្រោះ ដែលកំពុងដេកលង់លក់ បន្ទាប់មកជនសង្ស័យបាន យកដែកកេស មកបញ្ឆេះដុតជនរងគ្រោះបណ្តាល អោយរលាកពេញខ្លួន ហើយក៏បានស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង។

ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ចាក់អង្រែលើ បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ទៀង ស៊ីម យកមកសាក សួរនៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាល សង្កាត់ចាក់អង្រែលើ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ (ចំពោះករណីឃាតកម្មនេះ មិនទាន់ដឹងមូលហេតុនៅឡើយ) ។ ចំណែកសាកសព បានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញ្ញាតិ យកទៅតំកល់នៅវត្តចាក់អង្រែលើ រងចាំបូជាតាមប្រពៃណី។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ទៀង ស៊ីម ឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕

To Top