ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង បន្តគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន វិនិយោគវិស័យអចលនទ្រព្យ

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានបន្តគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគវិស័យអចលនទ្រព្យ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ី ហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ។

លោកអភិបាលខេត្តស្វាយរៀង បានថ្លែង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ជាហេតុធ្វើឱ្យសេដ្ឋកិច្ច ក្នុងខេត្តស្វាយរៀងមួយនេះ មានការរីកចម្រើនយ៉ាងលឿន ដែលធ្វើឱ្យកំណើនប្រជាជនកើនឡើង យ៉ាងឆាប់រហ័សដែលមានទាំងចំណូលថ្មី និងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឱ្យកត់សម្គាល់។

លោកបានបន្ថែមថាវិស័យវិនិយោគអចនទ្រព្យមានសន្ទុះកើនឡើង ទាំងដីធ្លីសម្រាប់សាងសង់គម្រោងផ្សេងៗ ការអភិវឌ្ឍលំនៅឋាន និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធជាដើម។ គម្រោងផ្ទះអាជីវកម្មសុវណ្ណមច្ឆា មានទីតាំងស្ថិតនៅភូមិថ្មស ឃុំស្វាយជ្រំ ខេត្តស្វាយរៀងនៅតាមបណ្ដោយផ្លូវជាតិលេខ១ដែលជាទីតាំងល្អក្នុងការប្រកបរបរអាជីវកម្មផ្សេងៗផងដែរ ។

លោក ណេប សាវី ម្ចាស់គម្រោងផ្ទះអាជីវកម្មសុវណ្ណមច្ឆា បានឱ្យដឹង គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសុវណ្ណមច្ឆាមានផ្ទៃដី២ហិកតាស្មើ
និងផ្ទះ១៤៩ល្វែង មានទាំងផ្ទះបែបអាជីវកម្មនិងផ្ទះលំនៅដ្ឋានហើយសម្រាប់ស្រុកស្វាយជ្រំមានតែគម្រោងមួយនេះទេដែលវិនិយោគ
ទៅលំនៅដ្ឋានមុនគេ។ លោកបានបន្តថាគម្រោងបានគិតគូរយ៉ាងលម្អិតហ្មត់ចត់អំពីតម្រូវការ
របស់ប្រជាជនឱ្យស្របតាមសក្កានុពល នៃខេត្តស្វាយរៀង ហើយហេដ្ឋារចនាសម្ព័ន្ធសំណង់សោភ័ណភាពបរិយាកាស គុណភាពសំណង់រឹងមាំ តាមស្តង់ដាររចនាតាមបទដ្ឋានទំនើបស៊ីវីល័យ និងសុវត្ថិភាពជាអ្វីដែលយើងយកចិត្តទុកដាក់ផ្ដល់ជូនអតិថិជន។ ភាពសម្បូរបែបក្នុងគម្រោងនឹងធ្វើឱ្យការរស់នៅមានភាពប្រាស្រ័យទាក់ទងគ្នាល្អ និងប្រកបដោយសុភមង្គលការអភិវឌ្ឍ ដែលមានគម្រោងច្បាស់លាស់ប្រាកដប្រជា និងផ្ដល់អត្ថប្រយោជន៍ជាច្រើន លើសពីការរំពឹងទុករបស់អតិថិជន៕

To Top