ភ្នំពេញ ៖ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពន្លឿនការអនុវត្តគម្រោងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឲ្យចប់សព្វគ្រប់តាមផែនការគ្រោងទុក នៅថ្ងៃទី២៩ ធ្នូ ខាងមុខ។



នាឱកាសនោះដែរ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា «ជំរុញឲ្យអង្គភាពសាងសង់ខិតខំប្រឹងប្រែងពន្លឿនការងារ ដែលនៅសេសសល់មួយចំនួនរបស់ខ្លួន រួមមាន ៖ ការងារអ៊ុតកៅស៊ូ ការងារត បណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកប្រព័ន្ធលូមេ ចំនួន១២២៩៩តំណ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែកកម្រាស់១៥សង់ទីម៉ែត្រ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារមួយចំនួនផ្សេងទៀត ដើម្បីឲ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែបញ្ចប់តាមការគ្រោងទុក»។
លោកក៏បានស្នើក្រុមហ៊ុនផ្តត់ផ្គង់សម្ភារៈ ដូចជា ៖ ថ្ម កៅស៊ូ និងសម្ភារៈចាំបាច់ផ្សេងទៀតជូនអង្គភាពអនុវត្តគម្រោងឲ្យបានត្រឹមត្រូវ តាមស្តង់ដាដែលបានកំណត់។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ បានឲ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៩,៣៩%នៃទំហំការងារសរុប (២% លឿនជាងផែនការធៀបនឹងរយៈពេលសាងសង់)។

សូមបញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប មានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ ជាង ១៤៩.២១៦.៥៩៥ ដុល្លារ ក្នុងនោះ ចំនួន៩លានដុល្លារ ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕
