ភ្នពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការ ជំនុំជំរះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទប្រុស- ស្រី ជាប់ពាក់ ព័ន្ធការរក្សាទុក, ជួញដូរ និងផលិតគ្រឿងញៀន ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០១២ ស្ថិត នៅក្នុងផ្ទះរបស់ពួកគេ ដែលមានទីតាំង ស្ថិតនៅក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
លោកស្រី គឹម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទទាំង៣នាក់ មានឈ្មោះ ទី ១- ឡុង ម៉េងលី ភេទ ប្រុស អាយុ ៥១ ឆ្នាំ មុខរបរលក់ដូរ ។ ទី ២- ឈ្មោះ អ៉ី គឹមហេង ភេទ អាយុ ៤២ ឆ្នាំ មុខរបរជាងថតរូប ។ និង ទី ៣- ឈ្មោះ ណៃ ស្រីនី ភេទ ស្រី អាយុ ១៩ ឆ្នាំ ។
ក្នុងចំណោម ពួកគេទាំង៣នាក់ , ឈ្មោះ ឡុង ម៉េងលី ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១២ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត និង ពិន័យជាប្រាក់ ចំនួន ៨០ លានរៀល, ឈ្មោះ អ៉ី គឹមហេង ត្រូវជាប់គុក កំណត់ ២៥ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៤០ លានរៀល រីឯ ឈ្មោះ ណៃ ស្រីនី ត្រូវជាប់ទោស ២០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៤០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។
ពួកគេ បានប្តឹងជំទាស់មកកាន់ សាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ពួកគេ រក្សាទុកដដែល។ ពួកគេបន្តប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅក្នុង សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀន ចំនួន៣០កេស, កាំភ្លើងខ្លី ចំនួន១ដើម និង សារធាតុផ្សំគ្រឿងញៀន មួយចំនួនធំទៀត ពីពួកគេ។
នាពេលសវនាការ, ជនជាប់ចោទទាំង៣នាក់ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើ និង ការកាត់ទោស ពួកគេ អោយជាប់ពន្ធនាគារ យ៉ាងធ្ងន់ធ្ងរ អំពីសំណាក់ តុលាការថ្នាក់ក្រោម។
ពួកគេបានសំណូពរ ដល់តុលាការកំពូល មេត្តាសម្រេច លើកការចោទប្រកាន់ និង ដោះលែងពួកគេ អោយមានសេរីភាពវិញ។
សំណុំរឿងក្តីនេះ, តុលាការកំពូលលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕ ដោយ រស្មី អាកាស