ព័ត៌មានជាតិ

ការបញ្ចប់វិវាទរវាងលោក អ៊ូ អ៊ួយមិញ និងប្រធានកំពង់ផែភ្នំពេញ​ដោយឈរលើគោលនយោបាយឈ្នះៗ​សម្តេចតេជោ តាមរយៈលោក ដួង តារា គឺធ្វើឲ្យវិនិយោគិន កាន់តែមានភាពកក់ក្តៅក្នុងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ គោលនយោបាយឈ្នះៗរបស់សម្តេចតេជោ បានធ្វើឲ្យវិវាទរយៈពេលច្រើនឆ្នាំ រវាងអ្នកវិនិយោគចិនលោក អ៊ូ អ៊ួយមិញដែលបានធ្វើការវិនិយោគលើកំពង់ផែភ្នំពេញ ជាមួយនិងលោក ហ៊ី បាវី (ប្រធានកំពង់ផែភ្នំពេញ) ត្រូវបានបញ្ចប់ដោយស្នាមញញឹមនិងពេញចិត្តក្នុងការទទួល យកការសម្របសម្រួលក្រោមគោលនយោបាយឈ្នះៗសម្តេចតេជោ។

សូមបញ្ជាក់ថាដោយលោក អ៊ូ អ៊ួយមិញ មានបទ ពិសោធន៍ការងារអភិវឌ្ឍន៍កំពង់ផែនៅប្រទេសចិន លោកប្រាប់ថាតាមការអំពាវនាវនិងចង្អុលបង្ហាញរបស់សម្តេចពេលអញ្ជើញទៅប្រទេសចិនក្នុងឆ្នាំ ២០១១ គាត់បានសម្រេចចិត្តចុះមកប្រទេសកម្ពុជានៅឆ្នាំ២០១២ ដោយមានទំនាក់ទំនងល្អជាមូយ ឯកឧត្តម ហ៊ី បាវី ប្រធានកំពង់ផែភ្នំពេញ។ នៅឆ្នាំ ២០១៤ លោក អ៊ូ អ៊ួយមិញ បានចូលសញ្ជាតិកម្ពុជាព្រោះចង់មានឱកាសពេញលេញចូលរួមអភិវឌ្ឍន៍កំពង់ផែកម្ពុជា។

លោក អ៊ូ អ៊ួយមិញ ក៏បានអញ្ជើញ  លោក ហ៊ី បាវី  ទៅទស្សនៈកិច្ចនៅកំពង់ផែចិនទៀតផង។ បន្ទាប់មកភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការពង្រីកកំពង់ផែនៅថ្ងៃទី ១០ មករា ឆ្នាំ២០១៤។ ពេលនោះ លោក ហ៊ី បាវី បានណែនាំភាគីចិនអោយទិញដីមួយចំនួននៅក្នុងគម្រោងពង្រីកផែ។ នៅថ្ងៃទី ៥ ធ្នូ ២០១២ លោក  អ៊ូ អ៊ួយមិញ បានចុះកិច្ចសន្យាទិញដី ៥៨ហិកតា (ប្លង់រឹង) នៅក្នុងទីតាំងគម្រោងអភិវឌ្ឍន៍កំពង់ផែ។ បន្ទាប់មកក៏មាន សជណលេខ ២៣ឧស ចុះថ្ងៃទី ៦ មករា ២០១៧ និរាករណ៍ចោលរួមទាំងដីលោក អ៊ូ អ៊ួយមិញ ទាំងអស់។ ទន្ទឹមនោះលោក អ៊ូ អ៊ួយ មិញ ក៏បានទិញដី៦ហិកតាផ្សេងទៀតនៅជិតផែភ្នំពេញ (ប្លង់រឹង) ក៏មានវិវាទតាមផ្លូវតុលាការជាមួយអ្នកផ្សេង ទៀតដែលរំលោភបំពានមកលើរូបគាត់។ សរុបទឹកប្រាក់ដែលគាត់បានចំណាយទិញដីគឺប្រមាណជាង៦លានដុល្លារ។

លោក អ៊ូ អ៊ួយមិញ បានព្យាយាមសុំ លោក ហ៊ី បាវី អោយជួយដោះស្រាយអស់រយៈពេលជាង៥ឆ្នាំមកនេះ ប៉ុន្តែពុំទទួលបានលទ្ធផល។ ទើបថ្ងៃទី ៤ សីហា ២០២១ គាត់បានដាក់លិខិតគោរពសុំអន្តរាគមន៍មកសម្តេច។ 

លោក ដួង តារា បានខិតខំសម្របសម្រួលជាមួយលោក ហ៊ី បាវី អស់រយៈពេលជិត៣ខែ ទើបថ្ងៃនេះ គាត់បានយល់ព្រមកាត់ដី(ឈ្មោះគាត់) ចំនួន ៣៦ ហិកតានៅ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជូនទៅភាគីចិនដើម្បីបញ្ចប់វិវាទ ដែលភាគីទាំងពីរបានផ្តិតមេដៃបញ្ចប់វិវាទទាំងស្រុងក្រោមការសម្របសម្រួលរបស់លោក។

វិវាទនេះបានបញ្ចប់ទាំងស្រុង នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ Hyatt Regency Phnom Penh ប្រកបដោយដោយស្នាមញញឹម ការពេញចិត្ត ទទួលយកការដោះស្រាយតាមគោលនយោបាយឈ្នះៗ ក្រៅប្រព័ន្ធតុលាការ ដោយមិនមានការប្តឹងផ្តល់ទាមទារអ្វីបន្តទៀតនោះទេ។

ក្នុងនោះផងដែរ លោក អ៊ូ អ៊ួយមិញ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោដែលបានខិតខំដោះស្រាយវិវាទនេះ ហើយលោកបានសន្យាថា លោកនឹងបន្តកៀងគរអ្នកវិនិយោគចិន ដើម្បីការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើន។

ចំណែកលោក ដួង តារា ក៏បានអរគុណដល់ភាគីទាំងពីរ ដែលបានព្រមព្រៀង-ឯកភាពគ្នាបញ្ចប់វិវាទដោយស្នាមញញឹម និង បន្តការរាប់អានគ្នាតទៅមុខ និង ចាប់ដៃគ្នាក្នុងការកៀងគរអ្នកវិនិយោគដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយការដោះស្រាយបញ្ចប់វិវាទនេះ គឺក្នុងគោលបំណងដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិ យោគចិន និង អ្នកវិនិយោគនៅបណ្ដាប្រទេសផ្សេងៗទៀតសូមឲ្យមានការជឿទុកចិត្តលើប្រទេសកម្ពុជា និង អ្នកកំពុងវិនិយោគនៅប្រទេសកម្ពុជាសូមកុំមានការព្រួយបារម្ភ ហើយបើសិនជាមានបញ្ហាអ្វី សម្តេចតេជោនាយករដ្ឋមន្ត្រី និងដោះស្រាយជូនអ្នកវិនិយោគទាំងអស់ ដោយមិនមានការរើសអើងឡើយ។

លោក ដួង តារា ក៏ស្នើស៉ំឲ្យប្រជាពលរដ្ឋ-អ្នកវិនិយោគចេះស្រលាញរាប់អានគ្នា ដោយគ្មានការរើសអើង និងចែករំលែកក្តីស្រលាញ់ស្នាមញញឹមចំពោះគ្នាទៅវិញទៅមក យើងចូលរួមសាងអំពើល្អទាំងអស់គ្នា៕ (ហ្វេសប៊ុកផេក Duong Dara)

To Top