ព័ត៌មានជាតិ

កម្ពុជា ៖ អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយដោះស្រាយបញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរលើស្មារតីនៃការទុកចិត្ត ទៅវិញទៅមក។

ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរលើស្មារតី នៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព, ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កា នៅក្នុងតំបន់»។

សម្ដេចតេជោបញ្ជាក់ថា កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើម ប្រារព្ធខួប២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំ២០២២ ខាងមុខនេះ។

សម្ដេចតេជោ ក៏បានបន្ថែមថា កម្ពុជាវាយតម្លៃខ្ពស់ លើវឌ្ឍនភាពនៃការចរចាឆ្ពោះទៅរកការបញ្ចប់ ក្រុមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់៕

To Top