ភ្នំពេញ: តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការ ជំនុំជម្រះ លើសំណុំក្តីព្រហ្មទណ្ឌ របស់ស្រ្តីជាប់ចោទម្នាក់ ដែលជានាយិការ នៃ ក្រុមហ៊ុន Nutrilatt Master LM Co. LTD ជាប់ពាក់ព័ន្ធនឹងការចែកចាយ និង លក់ផលិតផល ម្សៅទឹកដោះគោ ដែលគ្មានគុណភាព និង មានកម្រិតសារធាតុដេក និង សង្កសី យ៉ាងទាបបំផុត ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សុខភាពរបស់ទារក និង កុមារតូច នៅទូទាំងប្រទេស ដែលបានប្រើប្រាស់ នូវ ផលិតផលរបស់ក្រុមហ៊ុនខាងលើនេះ។
សវនាការនេះ ដឹកនាំដោយលោកចៅក្រមស៊ិន សុវណ្ណរ័ត្ន ជាចៅក្រមជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង សេង ហៀង គឺ ជាតំណាងអយ្យការ ព្រមទាំងមានវត្តមានរបស់ជនជាប់ចោទ, ភាគីដើមបណ្តឹងចំនួន២២នាក់ និង មេធាវីការពារក្តី ជនជាប់ចោទ និង ភាគីដើមបណ្ដឹង ចូលរួមផងដែរ។
លោកចៅក្រមស៊ិន សុវណ្ណរ័ត្ន បានថ្លែងអោយដឹង នៅក្នុងសវនាការថា ជនជាប់ចោទរូបនេះ ឈ្មោះ ខុន កែវកេសី ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបររ ជានាយិកាប្រតិបត្តិ ក្រុមហ៊ុន Nutrilatt Master LM Co. LTD មានទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទត្រូវបានជាប់ចោទពីបទ:
” ការផ្សព្វផ្សាយពាណិជ្ជដែលមានលក្ខណៈភូតកុហក ក្លែងបន្លំ ឬ ធ្វើអោយមានការភាន់ច្រឡំ អំពីគុណភាពលើផលិតផល” តាមបញ្ញត្តិមាត្រា ២១ និង ៦៣ នៃ ច្បាប់ស្តីពីអំពើការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និង សេវា។
ជនជាប់ចោទអាចប្រឈមនឹងការជាប់គុក ចន្លោះពី ១ ខែ ទៅ ១ ឆ្នាំ និង រងការពិន័យជាប្រាក់ ចំនួន ពី ៤ ទៅ ១០ លានរៀល ប្រសិនបើ តុលាការ រកឃើញ ពី ពិរុទ្ធភាព។
នាពេលសវនាការ, ជនជាប់ចោទឈ្មោះ ខុន កែវកេសី ទទួលស្គាល់ និង សារភាព អំពើកំហុសឆ្គង ក្នុងបទចោទប្រកាន់ ខាងលើ។
ក៏ប៉ុន្តែ កែវកេសី បាននិយាយថា ចំពោះ ផលិតផលទឹកដោះគោ ដែលមានបញ្ហានោះ គឺ ក្រុមហ៊ុនរបស់ខ្លួន បាននាំចូលផ្តាច់មុខ ពីរោងចក្រមួយ នៅក្នុងប្រទេសម៉ាឡេស៊ី។
កែវកេសី និយាយថា ការនាំចូលផលិតផលនេះ មកចែកចាយនៅកម្ពុជា គឺ ខាងក្រុមហ៊ុនរបស់គាត់ មានការជឿជាក់ ទៅវិញ្ញាបនបត្របញ្ជាក់ អំពីភាគី នៃ ក្រុមហ៊ុនម៉ាឡេស៊ី នៅឯប្រទេសម៉ាឡេស៊ី និង មិនបានដឹងច្បាស់ អំពីកម្រិតគុណភាព នៃ ផលិតផលនោះទេ។
កែវកេសីបាន និយាយថា ក្រោយមក ខាងក្រុមហ៊ុននាង បានដឹងថា ផលិតផល មិនមានគុណភាព និង មានបញ្ហា បន្ទាប់ ពីមានអតិថិជន ដែលជាមាតាបិតារបស់ កុមារតូច ដែលបានទិញផលិតផល ទៅប្រើប្រាស់ បានប្ដឹងក្រុមហ៊ុនទៅអាជ្ញាធរពាក់ព័ន្ធ នៅក្នុងឆ្នាំ ២០២០។
កែវកេសី បានបន្តថា បន្ទាប់ពីមានបញ្ហា, ខាងក្រុមហ៊ុននាង ក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និង បានប្រមូល នូវ ផលិតផលទាំងអស់នោះ ដាក់ចូលក្នុងស្តុក នៅក្នុងក្រុមហ៊ុនវិញ។
កែវកេសី បានបន្ថែមថា បន្ទាប់មកខាងក្រុមហ៊ុននាង ក៏បានជូនដំណឹងទៅកាន់ ខាងភាគីរោងចក្រម៉ាឡេស៊ី ព្រមទាំងបាន យកសំណាក ផលិតផល ដែលមានបញ្ហាខាងលើ បញ្ជូនទៅពិនិត្យ នៅឯប្រទេសសិង្ហបុរីផងដែរ។
កែវកេសី បានសំណូម ដល់លោកចៅក្រមជំនុំ មេត្តា ជួយផ្តល់ភាពយុត្តិធម៌ ដល់រូបនាងផង ព្រោះ នៅក្នុងរឿងក្តីនេះ រូបនាង និង ខាងក្រុមហ៊ុនរបស់នាង គ្មានចេតនា នឹង ផ្សព្វផ្សាយ ឬ លក់ផលិតផល គ្មានគុណភាព ជូនអតិថិជននោះទេ។ នេះ គឺ ដោយសារតែខាងក្រុមហ៊ុនរបស់នាង បានជឿជាក់ លើវិញ្ញាបនបត្របញ្ជាក់គុណភាពផលិតផល អំពីក្រុមហ៊ុនម៉ាឡេស៊ី ដែលអ្នកផលិត និង ផ្គត់ផ្គង់។
ម្យ៉ាងវិញទៀត, មុនពេលដែលផលិតផល ខាងលើនេះ បាននាំចូលពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា និង ត្រូវបានបញ្ជូនទៅកាន់ក្រុមហ៊ុន, ផលិតផលទាំងអស់នោះ ក៏ត្រូវបានបង់ពន្ធត្រឹមត្រូវ និង ត្រួតពិ និត្យ អំពីសំណាក់ មន្ត្រីកាំកុងត្រូលផងដែរ។
គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ មានជនរងគ្រោះ ចំនួន២២ ដើមបណ្ដឹង។ ហើយ ភាគីដើមបណ្ដឹង នីមួយៗ បានទាមទារថ្លៃ ជម្ងឺចិត្ត យ៉ាងតិច ចំនួន ពី ៤ រហូតដល់ ជិត ៣០ ម៉ឺនដុល្លារអាមេរិក។
សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការ រឿងក្តីនេះ នៅក្នុងខែ ធ្នូ ខាងនេះទៀត៕
ដោយ រស្មី អាកាស