នយោបាយ

លោក សេង សារី ៖ លោក កឹម សុខា អាចមានវាសនា ចូលប្រកួតនយោបាយ ខុសពីលោកសម រង្ស៊ី ត្រូវបិទផ្លូវ

ភ្នំពេញ ៖ រឿងរ៉ាវ លោក កឹម សុខា កើតឡើងថ្មីៗនេះថា មិនជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី ទៀតនោះ ត្រូវបានលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គមបានធ្វើការទស្សន៍ ទាយទុកជាមុនថា លោកកឹម សុខា អាចមានវាសនា ចូលរួមប្រកួតប្រជែង នយោបាយ ក្នុងពេលបោះឆ្នោតខាងមុខ តែលោក សម រង្ស៊ីមិនអាច ដោយសារត្រូវបិទផ្លូវ ។

ការលើកឡើងរបស់លោកបណ្ឌិត សេង សារីនេះ ក្រោយពីលោក កឹម សុខា និយាយនៅថ្ងៃ២៨ វិច្ឆិកា ថា មិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដោយព្រមានមិនឲ្យលោក សម រង្ស៊ីប្រើប្រាស់ឈ្មោះលោកទៀតទេ ។ ន័យនេះ បង្ហាញមកថា សម្ព័ន្ធភាពរវាងលោកទាំង២ដែលបានចាក់ស្រែះកន្លងមក ត្រូវបានមតិជាច្រើនលើកឡើងដូចគ្នា ប្រហែលជាពួកគាត់ដល់ ផ្លូវបំបែកហើយ ។

លោក សេង សារី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ២៩ វិច្ឆិកាថា តាមការវិភាគរបស់លោកមើលឃើញថា លោក កឹម សុខា មានលទ្ធភាពច្រើនជាងលោក សម រង្ស៊ី ហើយនេះក៏ជាគោលបំណង របស់បក្សកាន់អំណាចផងដែរ ។

លោកគូសបញ្ជាក់ថា “ជាគោលបំណងសំខាន់ធំមួយរបស់បក្សកាន់អំណាចយូរហើយដែលចង់ឲ្យមេដឹក នាំទាំង២បែកគ្នា ឥឡូវឃើញច្បាស់លាស់ហើយ ។ ខ្ញុំគិតថា គណបក្សកាន់អំណាចអាចលើកលែង ឲ្យលោក កឹម សុខា បិទសម រង្ស៊ីមិនឲ្យចូលប្រកួត”។
លោកថា សម្ព័ន្ធមិត្តរវាងលោក កឹម សុខា និងលោក សម រង្ស៊ី មិនមែនកើតឡើងដោយការស្ម័គ្រចិត្តទេ តែវាកើតឡើងដោយកាលៈទេសៈបង្ខំ។

ទោះបីជាយ៉ាងណាលោកបណ្ឌិតសេង សារី នៅតែឆ្ងល់ចំពោះលោក កឹម សុខា ដែលបានហាមមិនឲ្យលោក សម រង្ស៊ីនិងបក្ខពួកលោក សម រង្ស៊ីប្រើប្រាស់រូបនិងឈ្មោះទៀត ។

កាលពីថ្ងៃ២៨ វិច្ឆិកា លោក កឹម សុខា ប្រកាសក្តែងៗក្នុងហ្វេសប៊ុកថា មិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ីទៀតទេ ពោលមិនមែនជាមនុស្សតែមួយ ជាមួយលោកសម រង្ស៊ី ។ លោក កឹម សុខាក៏បានព្រមានទៅលោក សម រង្ស៊ី និងបក្ខពួកឲ្យឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆតានយោបាយរបស់ខ្លួនដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។

លោកបណ្ឌិត សេង សារីបន្តទៀតថា លោក សម រង្ស៊ី មិនត្រូវចោទបក្សកាន់អំណាចថា នៅពីក្រោយលោក កឹម សុខានោះទេ ។ លោកបញ្ជាក់ទៀតថា “អ្វីដែលលោក សម រង្ស៊ី បង្ហាញក្នុងបណ្តាញសង្គមថា មានសម្តេចហ៊ុន សែន នៅពីខាងក្រោយរឿងហ្នឹង គឺគាត់ចង់បង្ហាញថា គាត់អត់ទាន់វង្វេង សត្រូវនយោបាយរបស់គាត់ទេ ។ គាត់ប្រើលេសហ្នឹងដើម្បីបន្តព្រួញមួយបាញ់បានសត្វ២ ។ សារហ្នឹងគឺវាយប្រហារ គូសត្រូវនយោបាយ របស់គាត់ផង និងបង្ហាញថា ការចាក់ចេញរបស់លោក កឹម សុខា គឺជាការធ្វើអត្តឃាដនយោបាយ”

លោក សម រង្ស៊ី បន្ទាប់ពីការប្រកាសភ្លាមៗ របស់លោក កឹម សុខា មិនដល់មួយថ្ងៃផង បានថ្លែងបកទៅវិញថា “សេចក្តីថ្លែងការណ៍លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ គឺជាលទ្ធផល នៃការគំរាមកំហែង ពីសំណាក់សម្តេច ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាព នៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់” ៕

To Top