ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន២ ព្រមទាំងសមិទ្ធផលនានាដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ។

ការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ ក្នុងគោលបំណង ប្រែក្លាយទីក្រុងមួយនេះឲ្យមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ ហើយមានការអភិវឌ្ឍប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការស្ថាបនាផ្លូវទាំង៣៧ខ្សែនេះ ក្នុងរយៈពេលកំណត់៨ខែ ។

ផ្លូវក្នុងគម្រោងអភិវឌ្ឍនេះ ត្រូវបានសិក្សាកំណត់បែងចែកឋានានុក្រមផ្លូវជា៣ប្រភេទ ស្របតាមតំបន់នគររូបនីយកម្មក្នុងក្រុង តំបន់ជាយក្រុង តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាមួយការកំណត់លក្ខណៈបច្ចេកទេសសាងសង់។

ក្នុងចក្ខុវិស័យកសាងផ្លូវនេះ មិនត្រឹមតែសម្រាប់ធ្វើដំណើរប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងផ្លូវជាលំហរសាធារណៈប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌, ផ្លូវនៃការជំរុញកំណើនសេដ្ឋកិច្ច, ផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនិយកម្ម និង ភាពធន់មាំទាក់ទងអាកាសធាតុនិងបរិស្ថាន សក្តិសមជាទីក្រុងទំនើបមានផាសុកភាពសម្រាប់ការរស់នៅទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច៕
