ព័ត៌មានជាតិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ពង្រីកសកម្មភាព ជួយពលរដ្ឋងាយរងគ្រោះ

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅតាមសហគមន៍ ត្រូវរួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងភាពធន់ ដើម្បីផ្តល់សេវាជួយប្រជាពលរដ្ឋ ងាយរងគ្រោះ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ​​។

យោងតាមសារលិខិតរបស់ កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើង ទាំងអស់គ្នា បន្ដធ្វើសម្មភាព ដោយមិនឈប់ឈរឡើយ» សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី បានណែនាំគណៈកម្មាធិការ​ សាខា-អនុសាខា ពង្រឹងភាពម្ចាស់ ការខ្ពស់ ដឹកនាំមន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយឲ្យបានកាន់តែជ្រួត ជ្រាបទូលំទូលាយថែមទៀត ក្នុងស្មារតីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ រួមទាំងក្រុមបំប្លែងថ្មី។

សម្ដេច មានប្រសាសន៍ថា «សូមបងប្អូន អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ ក្មួយៗយុវជន កក្រក នៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងភាពធន់ និងផ្តល់សេវាជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ស្របតាមទិសស្លោក កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ពុំទុកនរណាម្នាក់ចោល»។

សម្ដេច បានបន្ដថា យុវជន-យុវនារី ទាំងអស់ បន្តតាមដានដោយយកចិត្តទុកដាក់សិក្សាស្វែងយល់ជាប្រចាំ នូវចំណេះដឹងថ្មីៗ ជុំវិញការទប់ស្កាត់ ជំងឺកូវីដ-១៩ រួមទាំង មេរោគបំប្លែងថ្មីនានា និងចូលរួមដោយការទទួលខុសត្រូវខ្ពស់ នៅក្នុងការប្រយុទ្ធនឹងវីរុសទាំងនោះ។

សម្ដេច បានបន្ថែមថា ជនរួមជាតិ បន្តពង្រឹងការការពារសុខភាពរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួនរស់នៅ តាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល «៣ការពារ ៣កុំ» ដើម្បីសុខុមាលភាព របស់បុគ្គលម្នាក់ៗ របស់ក្រុមគ្រួសារជាទីស្រឡាញ់ របស់សហគមន៍ និងសង្គមជាតិ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុង វិស័យមនុស្សធម៌ និងជាសមាគមជាតិ ដែលមានកម្លាំង អ្នកស្ម័គ្រចិត្តជាឥស្សរជន ក្នុងគណៈកិត្តិយស គណៈអភិបាល តាំងពីថ្នាក់កណ្ដាល-សាខា អនុសាខារហូតដល់សហគមន៍ ព្រមទាំង មានកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា សរុបជាង ៥ម៉ឺននាក់ ទូទាំងប្រទេស៕

To Top