ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ នេះ បានបន្តបើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោក សម រង្ស៊ី និង គូកន ដែលជា អតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន ២១ នាក់ ក្នុង សំណុំរឿងព្រហ្មទណ្ឌ ផ្សេងមួយទៀត
ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្បត់ និង ប៉ុនប៉ងផ្តួល ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ របស់លោកសម រង្សី ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ,លោកអ៉ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា គឺ ជាសមាជិកចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺ លោក សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមឯកសាររបស់តុលាកា បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទសរុប ចំនួន២១ នាក់ ក្នុងនោះ រួមមាន លោកសម រង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោកអេង ឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ( អ្នកទាំងនេះ ស្ថិតនៅក្រៅឃុំ-រត់គេចខ្លួន) និង អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាប់ក្នុងឃុំ ចំនួន ១៣ នាក់ផ្សេងទៀត។

ជនជាប់ចោទទាំង២១នាក់ ខាងលើនេះ ត្រូវបានជាប់ចោទពីបទ « រួមគំនិត ក្បត់ » និង « ញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរ ដល់ សន្តិសុខ សង្គម » ។
នាពេលសវនាការ, ជនជាប់ចោទទាំងអស់ ដែលត្រូវជាប់ឃុំ និង ដែលមានវត្តមាន នៅក្នុងសវនាការ បានឆ្លើយបដិសេធ ចំពោះ ការចោទប្រកាន់ ពួកគេ និង និយាយ ការចាប់ខ្លួន និង ចោទប្រកាន់ពួកគេខាងលើនេះ គឺ ជារឿងនយោបាយ។
សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះទៀត។
គួររំលឹកថា កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស កំបាំងមុខ លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ ឆ្នាំ ព្រមទាំង ដកហូតសិទ្ធិបោះឆ្នោត ផងដែរ។
ចំណែកឯ គូកនផ្សេងទៀតរួម មានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺជាប់ពន្ធនាគារចំនួន២២ឆ្នាំ និង លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ ,លោក អ៊ូ ច័ន្ទឫទ្ធិ ,លោក ហូរ វ៉ាន់ ,លោក ឡុង រី , និង លោក នុត រំដួល ត្រូវជាប់គុក ក្នុងម្នាក់ៗ កំណត់ ២០ឆ្នាំផងដែរ៕
ដោយ រស្មី អាកាស
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																											 
								 
																											 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									