ព័ត៌មានជាតិ

ACU រកឃើញថា ស្នងការរងខេត្តកំពង់ឆ្នាំង ស៊ុំ សុជាតិ លក់ដីព្រៃលិចទឹក បានលុយជាង​ កន្លះលានដុល្លារ (Video)

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ស៊ុំ សុជាតិ ស្នងការរង នៃស្នងការនរគបាលខេត្តកំពង់ឆ្នាំង ដែលជាប់ពាក់ព័ន្ធនឹងការទន្ទ្រាន់កាន់កាប់ ដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ត្រូវបានអង្គភាពប្រឆាំអំពើពុករលួយ (ACU) រកឃើញថា បានកាន់កាប់ និងទន្ទ្រានដីចំនួន ៣៨ទីតាំង មានទំហំជិត ១ពាន់ហិកតា និងលក់ដូរបានប្រាក់ ចំនួន ជាង៥១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ។

ក្នុងរបាយការណ៍ នៃកិច្ចប្រជុំលើកទី៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ករណីប៉ះពាល់លើដីព្រៃលិចទឹកតំបន់៣ ជុំវិញបឹងទន្លេសាប នៅខេត្តទាំង៦នោះ វរៈសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នរគបាលខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធបទល្មើសធំៗចំនួន៣ ក្នុងនោះរួមមាន៖១ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ២ ឈូស ឆាយ និងហ៊ុមព័ន្ធដីព្រៃលិចទឹក និង៣ បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ។ ជាងនេះទៅទៀត អង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា ឈ្មោះ ស៊ុំ សុជាតិ នៅត្រូវរងនូវបទល្មើសថែមមួយទៀត គឺបទសម្អាតប្រាក់ ។

ក្នុងរបាយការណ៍ខាងលើនេះ បានឲ្យដឹងទៀតថា ឧត្តមសេនីយ៍ស្នងការរង ស៊ុំ សុជាតិ ត្រូវបានអង្គភាពប្រឆាំអំពើពុករលួយ រកឃើញថាបានកាន់កាប់ និងទន្ទ្រានដីចំនួន ៣៨ទីតាំង មានទំហំជិត ១០០០ហិចតា (៩៥២,០២ហិកតា) ដោយឈ្មោះនេះ បានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញ ចំនួនត្រឹមតែ ៦៧៨ហិកតាប៉ុណ្ណោះ។

របាយការណ៍បញ្ជាក់ថា “លោក ស៊ុំ សុជាតិ បានលក់ដីព្រៃលិចទឹកតំបន់៣ ចំនួន ៨លើក បានលុយជាង ៥១ម៉ឺនដុល្លារ” ។

សូមរំលឹកថា អង្គភាពប្រឆាំង អំពើពុករលួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មកសាកសួរ ពាក់ព័ន្ធករណីកាន់កាប់ដីព្រៃលិចទឹក តំបន់៣ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕

To Top