ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិភាក្សាជាមួយ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីជំរុញការងារបង្កើតគ្រុបតេឡេក្រាម (Telegram) ឱ្យមានលក្ខណៈអាចដំណើរការដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋរាយការណ៍រឿងចរាចរណ៍។
ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតប្រព័ន្ធតេឡេក្រាមជូនសាធារណជនប្រើប្រាស់ដោយសេរី ក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ក្នុងកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងារទាក់ទងនឹងកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញលើបណ្ណបើកបរ របាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនី និងវឌ្ឍនភាពមណ្ឌលផ្តល់សេវាសាធារណៈ ពង្រាងបណ្ដាញផែនទីផ្លូវថ្នល់ និងការងារត្រៀមរៀបចំសន្និបាតក្រសួង នាថ្ងៃទី៥ មករា លោក ស៊ុន ចាន់ថុល បានថ្លែងថា «ក្រសួង កំពុងពិភាក្សាជាមួយ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីជំរុញយន្តការ នៃការប្រើប្រាស់ប្រព័ន្ធតេឡេក្រាមនេះ ឱ្យមានលក្ខណៈអាចដំណើរការបានដោយនិរន្តរភាព និងមានភាពចាស់ទុំ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់»។
លោក បន្ដថា ក្រសួងក៏កំពុងពិនិត្យលទ្ធភាពផងដែរ ក្នុងការដាក់បញ្ចូលកម្មវិធី (App) និងយន្តការបច្ចេកវិទ្យាស្វ័យប្រវត្តិមួយចំនួន ដើម្បីធ្វើឱ្យការគ្រប់គ្រង បញ្ជូន និងទទួលទិន្នន័យសម្រាប់មន្ត្រី និងនគរបាលពាក់ព័ន្ធកាន់តែមានភាពងាយស្រួល ងាយស្រួលគ្រប់គ្រង និងមានទិន្នន័យសម្រាប់បង្កើតជាផែនការយុទ្ធសាស្ត្រ។
ចំពោះយុទ្ធសាស្ត្រយានយន្តអគ្គិសនី លោកទេសរដ្ឋមន្ត្រី លើកឡើងថា ក្រសួង បានស្នើទៅ UNDP (កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ) ឱ្យជួយបង្កើតស្ថានីយសាកថ្ម ចំនួន៥តាំង ក្នុងនោះ ទីតាំងទី១ ឋិតនៅទីស្តីការក្រសួង និងទីតាំង ៤កន្លងទៀត ឋិតនៅតាមបណ្ដារាជធានី-ខេត្ត នានា ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងបានស្វែងរកថវិកាទិញរថយន្ត ដើរដោយថាមពលអគ្គិសនីចំនួន២គ្រឿង ដើម្បីជាការនាំមុខ និងជាការបង្ហាញថាក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី៕