នយោបាយ

ភូមា៖ ទឹកក្ដៅសម្រាប់កម្ពុជា ឆ្នាំ២០២២

ព័ត៌មានថ្មី៖ សមាសភាព អមដំណើរដោយកូនប្រុសពៅ ត្រូវបានប្តូរទៅកូនប្រុសកណ្តាលវិញ គឺពីលោក ហ៊ុន ម៉ានី ទៅលោក ហ៊ុន ម៉ានិត)

បន្ទាប់ពីកម្ពុជាបានក្លាយជា ប្រធានអាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសជាច្រើនកំពុងសម្លឹងមើលថា តើកម្ពុជាអាចធ្វើអ្វី បានខ្លះ នៅក្នុងឆ្នាំ២០២២នេះ ជាពិសេសរឿងក្តៅគគុកពីរ៖ បញ្ហភូមា និងសមុទ្រចិនខាងត្បូង?

រឿងទាំងពីរនេះសុទ្ធតែជាទឹកក្តៅ (hot water)។ ទឹកក្តៅប្រាកដជាក្តៅ ប៉ុន្តែទឹកក្តៅអាចជាប្រយោជន៍ច្រើនបែប។ ថ្មីៗនេះ មានអត្ថបទវិភាគចំនួនបី សរសេរដោយបរទេស ស្តីពីតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។

ក្នុងនោះមានការដាក់ចំណងជើង អត្ថបទខុសៗគ្នា ហើយខ្លះក៏សរសេរ ជាទំរង់សំណួរដូចជា “កម្ពុជា៖ ជាអ្នកនាំឱ្យខូចប្រយោជន៍ ដល់អាស៊ាន ឬជាអ្នកសង្រ្គោះអាស៊ាន?” (Cambodia: Asean’s spoiler or saviour?) រីឯអត្ថបទមួយទៀតដាក់ចំណងជើងថា “ការទូតប្រថុយប្រថានរបស់កម្ពុជានៅក្នុងជម្លោះភូមានឹងធ្វើឱ្យអាស៊ានឯកោ” (Cambodia’s “cowboy diplomacy’ in Myanmar isolates ASEAN) ។

កម្ពុជាបានលូកទៅក្នុងជម្លោះផ្ទៃក្នុង ដ៏ធ្ងន់ធ្ងរដែលកំពុងកើតឡើង នៅភូមា ដែលបានអូសបន្លាយរយៈពេលជិតមួយឆ្នាំ មកហើយ ហើយដែលពុំមាន ប្រទេសណាមួយចូលជួយអន្តរាគមបាននៅឡើយ រួមទាំងមហាអំណាចធំៗផង។ ការលូកចូលរបស់កម្ពុជាត្រូវបានមតិខាងក្រៅខ្លះ លើកឡើងថា ដំណោះស្រាយនៅក្នុងប្រទេសភូមា មិនអាចទទួលបានជោគជ័យឡើយ បើគ្មានមហាអំណាចនៃប្រទេសពីរ “ចិននិងរុស្ស៊ីចូលរួម!”។ សម្រាប់កម្ពុជាវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងម្តងហើយម្តងទៀតថា សូមទុកពេលវេលាឱ្យកម្ពុជាធ្វើការបន្តិចសិនមុននឹងវាយតម្លៃ។ ត្រង់ចំណុចនេះ ពលរដ្ឋខ្មែរជាច្រើនបានយល់ឃើញថា ក្នុងតួនាទីជាប្រធានអាស៊ាន និងជាអ្នកធ្លាប់ឆ្លងកាត់នូវសង្រ្គាមផ្ទៃក្នុងប្រទេសរាប់ទសវត្សរ៍ វាមិនចម្លែកពេកទេ ដែលកម្ពុជាអាចចែករំលែកបទពិសោធន៍ចរចាររកសន្តិភាពក្នុងបំណង ដើម្បីជួយស្វែងរក ដំណោះស្រាយ នៃជម្លោះនៅប្រទេសភូមា។

ប៉ុន្តែចំងល់ជាទូទៅសួរថា កម្ពុជាជួយដោយវិធីណា? នរណាជាតួអង្អសំខាន់ (សម្តេច ហ៊ុន សែន ជាមួយ មីន អោងឡាំង? លោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ជាមួយរដ្ឋមន្រ្តីការបរទេសភូមាបច្ចុប្បន្ន លោក វូណា? (លោកទាំងពីរធ្លាប់ធ្វើជាប្រមុខទូតប្រចាំនៅប្រទេសបារាំងជំនាន់ជាមួយគ្នា) ឬមានតួអង្គផ្សេងទៀតដែលកម្ពុជាមិនទាន់បញ្ចេញ?
កម្ពុជាប្រើការទូតអ្វី?

ក្នុងវិស័យការទូត ជាពិសេសការស្វែងរក ការចរចារ គេតែងផ្តល់រហ័សនាម ការទូតផ្សេងៗគ្នា ដូចជា៖ ការទូតប៉េងប៉ុង (Ping-pong Diplomacy); ការទូតឌីមសាំ (Dimsum Diplomacy); ការទូតដុល្លារ (Dollar Diplomacy); ការទូតប្រថុយប្រថាន (Cowboy Diplomacy); ការទូតដោយពឹងផ្អែកលើអន្តរការី (Shuttle Diplomacy) ជាដើម។ សម្រាប់កម្ពុជា មានអតីតអ្នកការទូតខ្មែរសម័យលោក អេង រ៉ូឡង់ បានប្រើ “ការទូតនំបញ្ចុក” (Noodle Diplomacy) ប៉ុន្តែនៅពេលនេះខ្ញុំពុំទាន់បានឮ សម្តេច ហ៊ុន សែន បង្ហើបនៅឡើយទេថាកម្ពុជានឹងប្រើឈ្មោះការទូតអ្វីក្នុងបរិបទទៅកាន់ភូមា ប៉ុន្តែខ្ញុំសូមសាកល្បងប្រើពាក្យថា “ការទូតឈ្នះឈ្នះ” (Win-win diplomacy) ដែលជាពាក្យពេញនិយមរបស់ថ្នាក់ដឹកនាំកម្ពុជានៅក្នុងសម័យតេជោ បើទោះបីជាគ្មាននរណាម្នាក់ហ៊ានអះអាងថានឹងបាន “ឈ្នះឈ្នះ” ឬជោគជ័យ មែនឬយ៉ាងណានោះ។ យ៉ាងណាក៏ដោយ ចាប់តាំងពីមុនពេលកម្ពុជាក្លាយជាប្រធានអាស៊ាននៅថ្ងៃ១ ខែមករា ឆ្នាំ២០២២ កម្ពុជាបានធ្វើការទូតជាច្រើនទាំងចំហនិងមិនចំហជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ដែលរួមមានជប៉ុន និងចិន និងធ្លាយទៅដល់បញ្ចឹមប្រទេសឯណោះ។

នរណាខ្លះអមដំណើរ ជាមួយនាយករដ្ឋមន្រី្ត?


សម្រាប់ទស្សនៈកិច្ចនៅថ្ងៃស្អែកទៅកាន់ភូមា អ្វីដែលជាការកត់សម្គាល់គឺប្រតិភូអមដំណើរដែលបានបញ្ចូលតួអង្គ លោក ចម ប្រសិទ្ធ ដែលស្ទើរតែបាត់ឈ្មោះបោះសម្លេង (ទោះជាលោកនៅជារដ្ឋមន្រ្តីឧស្សាហកម្មក៏ដោយ)។ លោកជាអតីតជំនួយការដ៏ជំនិតបំផុតមួយរូបរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាំងពីទសវត្សរ៍៨០ ហើយក៏ជាអ្នកធ្វើកំណត់ត្រាដ៏ល្អទាក់ទងទៅនឹងកិច្ចប្រជុំជាច្រើនដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា។ រីឯការកត់សម្គាល់ទី២៖ ក្នុងចំណោមកូនប្រុស៣រូប កូនប្រុសច្បងនិងកូនប្រុសកណ្តាល (លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត) នឹងអមដំណើរទៅជាមួយឪពុក។ ទី៣៖ ការនាំទៅជាមួយនូវសម្ភារៈនិងបរិក្ខាពេទ្យជាច្រើនដែលជាជំនួយក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

ផ្ទាំងពាណិជ្ជកម្ម

ទំនាក់ទំនងកម្ពុជានិងភូមា?

កាលពីខែមេសាឆ្នាំ២០២១ នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី គេសង្កេតឃើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការសំណេះសំណាលយ៉ាងសិទ្ធស្នាល ជាមួយមេដឹកនាំយោធាភូមា លោក មីង អោងឡាំង។ ការជួបគ្នានៅពេលនោះ និងជាបន្តបន្ទាប់មកទៀតតាមទម្រង់និងកម្រិតផ្សេងៗគ្នា ប្រហែលជាទំពក់មិនសាមញ្ញពេកទេ ទម្រាំមានការប្រកាសជាផ្លូវការពីឆន្ទៈរបស់កម្ពុជាក្នុងការជួយរកដំណោះស្រាយនៅភូមា។

បញ្ហានៅភូមា៖ ភាពចលាចលនៅភូមា បានចាប់ផ្តើម បន្ទាប់ពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធា របស់ប្រទេសនេះបានផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី Aung Sann Suu Kyi។ មនុស្សប្រហែល១ពាន់បួនរយនាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ ហើយប្រហែល១ម៉ឺន១ពាន់នាក់ទៀតត្រូវបានចាប់ខ្លួនក្នុង
រយៈពេល១១ខែ ចុងក្រោយនេះ។

ហេតុអ្វីកម្ពុជា ត្រូវយកចិត្តទុកដាក់ រឿងភូមាខ្លាំងម្លេះ?

វាមិនសាមញ្ញពេកទេ នៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ាន សម្រាប់រយៈពេលមួយឆ្នាំពេញ ហើយដែលមានប្រទេសមួយមិនអាចចូលរួមប្រជុំបាន ដែលនោះគឺជាភាពអាម៉ាស់មួយរបស់កម្ពុជា ឬក៏របស់អាស៊ានទាំងមូល។ កាលពីថ្ងៃអង្គារ ទី៤ មករាកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបតាមទូរសព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលពេលនោះលោកបានគាំទ្រកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ប៉ុន្តែ លោក Joko ក៏បានរំលឹកឡើងវិញ នូវជំហររបស់ឥណ្ឌូនេស៊ី យ៉ាងច្បាស់អំពីសារៈសំខាន់ នៃការអនុវត្ត 5-Point Consensus ដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យមកវិញនៅក្នុងប្រទេសភូមាតាមរយៈការសន្ទនាពីភាគីពាក់ព័ន្ធ។ លោក​ Joko ក៏បាន​បន្ថែម​ថា “ប្រសិន​បើ​មិន​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​លើ​ការ​អនុវត្តន៍កិច្ចព្រមព្រៀង៥ចំណុចទេ នៅឯ​កិច្ច​ប្រជុំ​អាស៊ាន ប្រទេស​ភូមា គួរ​តែ​កម្រិតតំណាង​អ្នកចូលរួមដែល​មិនមែនជាអ្នក​នយោបាយ ​”។

តំណាងប្រទេសភូមា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀតបានក្លាយជាការគួរឲ្យព្រួយបារម្ភ ខណៈដែលភូមាខ្លួនឯងបានធ្វើពហិការកិច្ចប្រជុំចំនួនបីលើករួចមកហើយកាលពីចុងឆ្នាំ២០២១ ដោយសារតែអាស៊ាន៩ទៀតមិនសប្បាយចិត្តស្វាគមន៍ មេដឹកនាំរបបយោធាភូមា លោក មីន អោងឡាំង ដែលបានសន្យាខ្យល់លើកិច្ចកិច្ចព្រមព្រៀង ៥ចំណុច៖ បញ្ឈប់ជាបន្ទាន់នៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា; ២.សន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ; ៣.សម្របសម្រួលដោយបេសកជននៃប្រធានអាស៊ាន ដោយមានជំនួយ ពីអគ្គលេខាធិការ; ៤. ជំនួយមនុស្សធម៌ដែលផ្តល់ដោយមជ្ឈមណ្ឌល AHA របស់អាស៊ាន; និងទី៥. ដំណើរទស្សនកិច្ចរបស់បេសកជនពិសេស និងគណៈប្រតិភូ ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបភាគីពាក់ព័ន្ធទាំងអស់។

តាមការប្រមើលមើលរបស់ខ្ញុំ កម្ពុជាហាក់ដូចជាបានរៀបសំណាញ់ក្រឡាល្អិតរហូតដល់បីជាន់សម្រាប់កិច្ចការទូតជាមួយភូមា (នាយករដ្ឋមន្រ្តី; ឧបនារយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស; និងទេសរដ្ឋមន្រ្តី) នេះមិនទាន់គិតដល់កម្រិត ដែលនៅពីក្រោយឆាកផង រីឯកាលបរិច្ឆេតវិញ ហេតុអ្វីបានជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រើសយកថ្ងៃ៧ មករា ជាថ្ងៃចេញដំណើរ ឬដោយសារហេតុផលមួយនេះ ហើយដែលអត្ថបទព័ត៌មានបរទេសមួយបានដាក់ចំណងជើងថា “កម្ពុជា៖ ជាអ្នកនាំឱ្យខូចប្រយោជន៍ ដល់អាស៊ាន ឬជាអ្នកសង្រ្គោះអាស៊ាន?” (Cambodia: Asean’s spoiler or saviour?) ៕

អត្ថបទ​ :លោក ពុយ​ គា​

To Top
×