ព័ត៌មានជាតិ

លោក កឹម សុខា អះអាងថាទូតបរទេសនានា ចង់ឃើញខ្មែរ មានដំណោះស្រាយនយោបាយ ដោយអហិង្សា

ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា មន្រ្តីការទូតនានា ដែលជួបលោក ចង់ឃើញខ្មែរ មានដំណោះស្រាយនយោបាយ ដោយអហិង្សា ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ ខ្ញុំបានជួបសន្ទនាអាហារថ្ងៃត្រង់ នៅក្នុងស្ថានទូតបារាំង រាជធានីភ្នំពេញ តាមការអញ្ជើញរបស់ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រទេសបារាំងជាប្រធានប្តូរវេនសហភាពអឺរ៉ុប»។

លោក កឹម សុខា បានឱ្យដឹងផងដែរថា ក្នុងការទទួលទានអាហារ ពិភាក្សាការងារពេលនេះ មានសារៈសំខាន់ណាស់ ដោយមានការចូលរួម ពីសំណាក់ឯកអគ្គរដ្ឋទូតសំខាន់ៗ នៃរដ្ឋសមាជិកសហភាពអឺរ៉ុប ដូចជាៈ ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតស្តីទី នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកថា ដោយសារឆ្នាំ២០២២នេះ ចំពេលដែលប្រទេសកម្ពុជាយើង ធ្វើជាប្រធានប្តូរវេនសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទន្ទឹមគ្នានឹងប្រទេសបារាំង ធ្វើជាប្រធានប្តូរវេនសហគមន៍អ៊ឺរ៉ុប ក្នុងឆមាសទី១ និងប្រទេសឆេក ធ្វើជាប្រធានប្តូរវេន សហគមន៍អឺរ៉ុបក្នុងឆមាសទី២ផងដែរ។

នៅក្នុងខែមករា ដើមឆ្នាំថ្មី២០២២នេះ ក្រៅពីជួបអ្នកការទូតសំខាន់ៗនៃសហគមន៍អឺរ៉ុប លោក កឹម សុខា ក៏បានជួបជាមួយឯកអគ្គរាជទូតជប៉ុន និងជួបជាមួយនឹងរដ្ឋមន្ត្រី(Minister of State)ទទួលបន្ទុកកិច្ចការអាស៉ី នៃក្រសួងការបរទេសអង់គ្លេស ក្នុងពេលថ្មីៗនេះ។

លោក កឹម សុខា អះអាងថា តាមរយៈការពិភាក្សា ក្នុងជំនួបជាបន្តបន្ទាប់ ជាមួយលោកនោះគឺ៖

-ជាតំណាងផ្លូវការ នៃប្រទេសដែលប្រកាន់ យកប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព ជាគុណតម្លៃស្នូលរបស់គេ។
-បណ្តាប្រទេសទាំងនោះ ធ្លាប់បានជួយខ្មែរ ហើយគេនៅតែចង់ជួយខ្មែរ យើងបន្តទៀត ស្របតាមគុណតម្លៃស្នូលរបស់គេ។
-បណ្តាប្រទេសទាំងនោះ ចង់ឃើញខ្មែរយើង មានដំណោះស្រាយនយោបាយ ដោយអហិង្សា ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាព អធិបតេយ្យភាព ឯករាជ្យ សន្តិភាព ស្ថិរភាព វិបុលភាព ប្រជាធិតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ហេតុនេះហើយ បានជាអ្នកការទូតតំណាងប្រទេសជាមិត្ត របស់កម្ពុជា ដែលតែងតែជួបពិភាក្សាជាមួយលោកនោះ មិនមែនត្រឹមតែស្វែងយល់ពីទស្សនៈ និងទទួលស្គាល់នូវគុណតម្លៃ នៃការតស៊ូដោយអហិង្សា ការលះបង់ ដោយការអត់ធ្មត់ ដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់លោកប៉ុណ្ណោះទេ លើសពីនេះទៅទៀត គឺជាការបញ្ជាក់ថា «ការដែលយើងមិនបានធ្វើអ្វីខុស មិនបង្ករការឈឺចាប់ ដល់អ្នកដ៏ទៃ និងដោយ យើងប្រកាន់ យកនូវគោលការណ៍ ដ៏ត្រឹមត្រូវនោះ យើងមិននៅឯកោឡើយ»៕

To Top