ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យនគរបាលជាតិ ប្រកាន់ជំហរអព្យាក្រឹត្យ និងបង្កលក្ខណៈងាយស្រួល គ្រប់គណបក្សនយោបាយ

ភ្នំពេញ ៖ ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ កាន់តែខិតជិតចូលមកដល់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារ ទៅកាន់ក្រុម នគរបាលជាតិ ឲ្យរក្សាជំហរអព្យាក្រឹត្យ ចំពោះគ្រប់គណបក្ស នយោបាយទាំងកាន់អំណាច និង ប្រឆាំង ដើម្បីការពារ និងបង្កលក្ខណៈសម្បត្តិ គ្រប់បែបយ៉ាង ដល់គណបក្ស ដែលនឹងចូលរួមប្រកួត ប្រជែងការបោះឆ្នោតនេះ។

ក្នុងពិធីប្រគល់រថយន្ត១៩គ្រឿងជូនដល់ វរសេនាតូចនគរបាលការពារព្រំដែន ដែលប្រចាំការ នៅភូមិភាគទី១ ទី២ និងទី៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេច ស ខេង បានឲ្យដឹងថា ក្នុងឋានៈជានគរបាលជាតិ ត្រូវរៀបចំផែនការពារ ចំពោះកិច្ចដំណើរការ នៃការបោះឆ្នោត ឃុំ-សង្កាត់ ប្រព្រឹត្តទៅរលូនក្នុងអាណត្តិថ្មីនេះ ។

សម្ដេចមានប្រសាសន៍ថា «យើងមានភារកិច្ច ដើម្បីនឹងការពារសុវត្ថិភាព ហើយបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់»។

សម្ដេចបន្ដថា មន្ដ្រីនគរបាលទាំងអស់ ក៏ត្រូវបង្កលក្ខណៈសម្បត្តិដល់គ្រប់ភាគីពាក់ព័ន្ធនានា ក្នុងការគាំទ្រកិច្ចដំណើរការនៃការបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា។

សម្ដេចមានប្រសាសន៍បន្ថែមថា «ក្នុងឋានៈយើងជានគរបាលជាតិ យើងត្រូវប្រកាន់នូវជំហរ អព្យាក្រឹត្យ ចំពោះគ្រប់គណបក្សនយោបាយ ។ បានន័យថា យើងត្រូវមានភារកិច្ច ការពារគ្រប់គណបក្ស នយោបាយ ដោយមិនបែងចែក មិនប្រកាន់សម្រាប់គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះ»។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ មានឃុំ-សង្កាត់ ចំនួន១,៦៥២ និងចំនួនសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន១១,៦២២។ សម្រាប់ការបោះនេះ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ។ ជារៀងរាល់ឆ្នាំ នៃ ការបោះឆ្នោតម្តងៗ កងកម្លាំងគ្រប់ផ្នែកបានចេញ មកការពារសុវត្ថិភាព និងធ្វើចរាចរណ៍ដល់ការ ឃោសនាបោះឆ្នោត មិនដែលខានឡើយ ៕

To Top