ព័ត៌មានជាតិ

គណៈកម្មាធិការ គណបក្សមូលដ្ឋាន នៃ ប.ស.ស. រៀបចំសន្និបាត បូកសរុបលទ្ធផលការងារ​ សម្រេចបានរបស់ខ្លួន ប្រចាំឆ្នាំ២០២១កន្លងទៅ

ភ្នំពេញ ៖ គណៈកម្មាធិការគណបក្សមូលដ្ឋាន នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រធានគណៈកម្មាធិការ​ គណបក្សមូលដ្ឋាន នៃ ប.ស.ស. និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ចំនួនបី គឺសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២ និងសង្កាត់បឹងកេងកងទី១ ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មានមតិសំណេះសំណាល ក្នុងអង្គសន្និបាតខាងលើនេះលោក អ៊ុក សមវិទ្យា ក្នុងនាមជាប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាននៃ ប.ស.ស. បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលការងារ ដែលរួមគ្នាសម្រេចបាន នាពេលកន្លងមក។

ក្នុងឱកាសនេះដែរ លោកប្រធាន ក៏បានធ្វើការណែនាំ និងក្រើនរំលឹកដល់ក្រុមការងារទាំងអស់ ត្រូវបន្តធ្វើបច្ចុប្បន្នភាព សមាជិកបក្សឲ្យបានច្បាស់លាស់, បន្តចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន សំដៅបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ពិសេសទាក់ទាញនូវទំនុកចិត្ត លើការដឹកនាំអភិវឌ្ឍន៍ប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ដែលបានបង្ហាញឱ្យឃើញ ពីការរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមគ្នានេះ លោកប្រធាន ក៏បានជំរុញសមាជិក សមាជិកា នៃសាខាគណបក្សទាំងអស់ចំណុះគណៈកម្មាធិការ គណបក្សមូលដ្ឋានរបស់ខ្លួន ត្រូវអនុវត្តតាមផែនការឆ្ពោះទៅកាន់ ការបោះឆ្នោត ឲ្យបានខ្ជាប់ខ្ជួន និងបន្តចែករំលែក នូវចំណេះដឹង ធានាធ្វើយ៉ាងណាជំរុញ អ្នកជុំវិញខ្លួនឲ្យយល់ជ្រួតជ្រាប និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយស្មោះ។

ជាមួយគ្នានេះ លោកប្រធាន ក៏បានដាក់ចេញនូវចំណុចគន្លឹះជាគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីបង្កើនការយកចិត្តទុកដាក់ អនុវត្តកិច្ចការរបស់ខ្លួន ឲ្យទទួលបានជោគជ័យបន្ថែមទៀត រួមមាន៖

  • ត្រូវអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច
  • បន្តពង្រឹងសមត្ថភាពការងារ ដោយត្រូវចូលរួមវគ្គបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង
  • មានជំហររឹងមំាខាងនយោបាយ និងសតិអារម្មណ៍
  • មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវ
  • ចុះជាប់ជិតស្និតជាមួយប្រជាពលរដ្ឋ និងខិតខំបម្រើប្រជាពលរដ្ឋ
  • មានសាមគ្គីភាព និងអនុវត្តគោលការណ៍សមូហភាពដឹកនំា
  • ខិតខំបង្កើតទំនាក់ទំនងល្អ និងត្រៀមកម្លាំង សម្រាប់ការងារចុះជួយពលរដ្ឋ ក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ៖ អង្គសន្និបាតខាងលើ ប្រព្រឹត្តទៅពេញមួយរសៀល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន សមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការ ប្រធាន និងអនុប្រធានសាខា គណបក្សទាំងអស់ ទាំងចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) សរុបប្រមាណជាង ៧០នាក់៕

To Top