ព័ត៌មានជាតិ

តុលាការបន្តសវនាការ ជំនុំជម្រះសំណុំរឿងក្តី របស់ទណ្ឌិត សម រង្សី និង គូកន ជាប់ពាក់ ព័ន្ធនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួល រំលំរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២២ នេះ បានបន្តបើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ ទណ្ឌិត សម រង្ស៊ី និង គូកនចំនួន ២០នាក់ទៀត ក្នុងនោះ រួមមាន អតីតជាអ្នកតំណាងរាស្ត្រ និង ក្រុមប្រឹក្សា ជាប់ឆ្នោត ឃុំ-សង្កាត់ និង ស្រុក ជាប់ឆ្នោតរបស់អតីត នៃគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងបទល្មើសការរួមគំនិតក្បត់ និង ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ របស់លោកសម រង្សី ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ,លោកអ៊ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា គឺ ជាសមាជិកចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺ លោក សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

ចំណែកឯ ជនជាប់ចោទដែលត្រូវចាប់ និងឃុំខ្លួន មានចំនួន១៣នាក់ និង មានមេធាវីការពារក្តី និង តំណាងអង្គការជាតិ និង អន្តរជាតិ និង ស្ថានទូតបរទេស ចំនួនតូច បានចូលរួមស្តាប់ និង សង្កេតការណ៍ ផងដែរុំ

លោករស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាចៅក្រម បានថ្លែងអោយដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទសរុប ចំនួន២១ នាក់ ក្នុងនោះ រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោកអេងឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ( អ្នកទាំងនេះ គឺ ស្ថិតនៅក្រៅឃុំ ឬ រត់គេចខ្លួន) និង មានអតីតក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាប់ក្នុងឃុំ ចំនួន ១៣នាក់។

លោកចៅក្រម ពិសិដ្ឋ បញ្ជាក់ថា ជនជាប់ចោទទាំង២១នាក់នេះ ត្រូវបានជាប់ចោទពីបទ « រួមគំនិតក្បត់ និង ញុះញង់ បង្ក ឲ្យ មាន ភាពវឹកវរ ធ្ងន់ធ្ងរ ដល់ សន្តិសុខ សង្គម » ។

សូមបញ្ជាក់ថា សម្រាប់ការសវនាការថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០២២នេះ សវនការបានបន្តធ្វើការពិភាក្សា និង ពិនិត្យទៅលើភស្តុតាង ដែលមាននៅក្នុងសំណុំរឿង ដោយចាក់ ឃ្លីបវីដេអូ របស់លោកសម រង្ស៊ី ដែលបានថ្លែងក្នុងឧកាស ដែលគាត់ បានប្រកាសសម្ភោធ ចលនាសង្គ្រោះជាតិ នៅឯសហរដ្ឋអាមេរិកដែលជាដើមចម នៃ ការចោទប្រកាន់ ជាប់ចោទទាំងអស់ ដែលមាននៅក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ។

បន្ទាប់បញ្ចប់ម៉ោងរដ្ឋបាល និង សវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលើកពេល សវនាការ ទៅធ្វើបន្ត នៅថ្ងៃទី ២៤ ខែ កុម្ភ: ឆ្នាំ ២០២២ខាងមុខ នេះទៀត៕

ដោយ៖ គា លីហ្សា

To Top