ព័ត៌មានជាតិ

ប្រជាពលរដ្ឋ នាំគ្នាមកកម្សាន្តច្រើន នៅឆ្នេរខ្សាច់កោះប៉ែន ក្នុងពេលចូលឆ្នាំចិន

កំពង់ចាម ៖ ក្នុងឱកាសចូលឆ្នាំចិន ឆ្នាំនេះ មានពលរដ្ឋមកលេងឆ្នេរខ្សាច់កោះប៉ែនច្រេីនជាងឆ្នាំមុន នេះបើតាមការឲ្យដឹងពីម្ចាស់វិនិយោគកោះប៉ែន លោក ប៊ុន ដារ៉ា នារសៀលថ្ងៃទី ២ ខែគុម្ភ: ឆ្នាំ២០២២ ។

ទន្ទឹមនិងប្រជាពលរដ្ឋ មកកម្សាន្តយ៉ាងច្រើនកុះករលើឆ្នេរកោះប៉ែននេះ នាល្ងាចថ្ងៃដដែលនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យអំពីសណ្ដាប់ធ្នាប់ សន្តិសុខ និងការរៀបចំកន្លែងកម្សាន្តនានា នៅលើទីតាំងឆ្នេរខ្សាច់កោះប៉ែន ដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្តនៅទីនោះ។

លោក ប៊ុន ដារ៉ា ម្ចាស់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ឆ្នេរកោះប៉ែនបានឲ្យដឹងថា រយៈពេល៣ថ្ងៃកន្លងមកនេះ ភ្ញៀវទេសចរ ដែលមកកម្សាន្តលំហែកាយនៅឆ្នេរខ្សាច់កោះប៉ែន មានការកើនឡើងជាងឆ្នាំមុន អាចដោយសារ ការធូស្រាលពីជម្ងឺកូវីដ១៩ ក្រោយពីពួកគាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩គ្រប់ៗគ្នា។

ម្យ៉ាងទៀតឆ្នេរកោះប៉ែនឆ្នាំនេះ មានការតុបតែង និងរៀបចំអាហារដ្ឋានខុសប្លែកពីឆ្នាំមុនផងដែរ ដែលទាំងនេះ អាចជាការទាក់ទាញមួយដែលធ្វេីឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកាន់តែច្រេីន ។

លោក ប៊ុន ដារ៉ា បានបញ្ជាក់ផងដែរថា បុគ្គលិករមណីយដ្ឋាន ក៏បានអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលដើម្បីការពារការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ផងដែរ ដោយបានធ្វើការវាស់កំដៅភ្ញៀវ និងបាញ់អាល់កុល នៅតាមមាត់ច្រកនីមួយៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

To Top