ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) ពីឆ្នាំ២០២២-២០២៤ ។ គណៈបញ្ជាការនេះ ដើម្បីការការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតជាតិ-ថ្នាក់ក្រោមជាតិ ។
គណៈបញ្ជាការនេះ ក៏មានភារកិច្ចតាមដាន ត្រួតពិនិត្យរៀបចំគ្រប់គ្រង និងប្រើប្រាស់កម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធ ធានាឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ តាមនីតិកាល និងអាណត្តិនីមួយៗ ប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគម្រាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ។
គណៈបញ្ជាការនេះ មានសុទ្ធតែក្រុមមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ជាប្រធានអនុប្រធាន និងសមាជិក ។ ក្នុងនោះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធាន ។ ចំណែកសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន៕