ព័ត៌មានជាតិ

ឃុំខ្លួនជនបុរសម្នាក់ ពាក់ព័ន្ធការប៉ុនប៉ង រំលោភសេពសន្ថវ: និងការប្រើអំពើហិង្សា ទៅលើក្មួយស្រីរបស់ខ្លួន អាយុ១៤ឆ្នាំ នៅខេត្តសៀមរាប

ភ្នំពេញ៖ បុរសត្រូវចោទម្នាក់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ត្រូវបានសាលាដំបូង ខេត្តសៀមរាបចាប់ខ្លួន និងបញ្ជូនខ្លួន ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ ទៅលើក្មួយស្រីរបស់ខ្លួន និងការប្រើប្រាស់អំពើហិង្សា ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិកក្រាញ់បាន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត ឲ្យដឹងថាជនត្រូវចោទរូបនេះ មានឈ្មោះ កុល សាម៉ៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់។

ចំណែកជនរងគ្រោះឈ្មោះ ច.ច ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស ។

ជនត្រូវមានទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនត្រូវចោទត្រូវបានជាប់ចោទពីបទ” ប៉ុនប៉ងរំលោភសេពសន្ថវ: និង អំពើហិង្សាដោយចេតនា” និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ តាមបណ្តឹងរបស់ជនរងគ្រោះ បន្ទាប់ពីប្រព្រឹត្តនូវអំពើ​ប៉ុនប៉ងការចាប់រំលោភ និងប្រើអំពើហិង្សា ទៅលើជនរងគ្រោះ ដែលត្រូវជាក្មួយស្រីរបស់ខ្លួននោះ ប្រព្រឹត្តនៅចំណុចកើតហេតុខាងលើ៕​ ដោយ៖ គា លីហ្សា

To Top