ព័ត៌មានជាតិ

អ្នកនាំពាក្យស្ថានទូតចិន អំពាវនាវពលរដ្ឋខ្លួន នៅកម្ពុជា គោរពច្បាប់ ក្រោយនគរបាលខ្មែរ រកឃើញករណី «ទាសករលក់ឈាម» ជាការប្រឌិត

ភ្នំពេញ ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៨ កុម្ភៈ ស្តីពីក្រុមប៉ូលិសកម្ពុជា បានស្រាវជ្រាវរកឃើញថាសំណុំរឿង «ទាសករលក់ឈាមជនជាតិចិន» ថាជាការប្រឌិត ។ ក្រោយមានករណីនេះ អ្នកនាំទូតចិន ក៏បានអំពាវនាឲ្យពលរដ្ឋខ្លួន កំពុងរស់នៅកម្ពុជា គោរពច្បាប់របស់កម្ពុជា-ចិន ។ នេះបើតាមការចេញផ្សាយ នៅក្នុងផេកហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មាននៅថ្ងៃ១ មីនា ។

ថ្មីៗនេះមានការផ្សាយថា មានករណីចាប់បង្ខាំង ជនជាតិចិន ធ្វើជាទាសករ លក់ឈាម នៅតំបន់ឆៃណាថោន ក្នុងខេត្តព្រះសីហនុទេ ។

អ្នកនាំពាក្យគូសបញ្ជាក់ថា ស្ថានទូតមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះករណី «ទាសករលក់ឈាម» ដែលបានផ្សាយតៗគ្នា តាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីបានជំរុញឲ្យប៉ូលិសកម្ពុជា បើកសំណុំរឿងនេះ ដោយចាប់ផ្តើមស៊ើបអង្កេត នៅថ្ងៃ១៥ កុម្ភៈមក ស្ថានទូតចិនបន្តតាមដានដំណើរការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ កាលពីថ្ងៃ២៨ កុម្ភៈ ប៉ូលីសកម្ពុជាបានជូនដំណឹង ទៅស្ថានទូតចិន អំពីលទ្ធផលស៊ើបអង្កេតបឋម និងបានចេញសេចក្តីប្រកាសថា សំណុំរឿងទាសករលក់ឈាម គឺជារឿងប្រឌិតសុទ្ធសាធ។

អ្នកនាំពាក្យបញ្ជាក់ទៀតថា យោងតាមរបាយការណ៍ផ្ទៃក្នុង និងសេចក្តីប្រកាសរបស់នគរបាលកម្ពុជា បានឲ្យដឹងថា លោក Li Yayuanlun ជនជាតិចិន បានចូលមកកម្ពុជា ដោយខុសច្បាប់ ហើយក្រោយមកបានមាន ជំងឺថ្លើមធ្ងន់ធ្ងរ ក៏បានទាក់ទងសមាគមមួយ ដើម្បីសុំជំនួយ។ ដោយគោលបំណងផ្សេងៗគ្នា មានមនុស្ស៣នាក់ជាជួយ Li Yayuanlun ប្រឌិតរឿងនេះឡើង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា“គាត់ត្រូវបានឃុំខ្លួនដោយខុសច្បាប់ រំលោភបំពាន និងធ្វើបាបដូចទាសករលក់ឈាម” ទង្វើនេះបំភ័ន្តមតិសាធារណៈ និងធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ។ ជំហាន បន្ទាប់ពួកគេនឹងត្រូវ បញ្ជូនទៅស្ថាប័នតុលាការកម្ពុជា ដើម្បីកាត់ទោស។

អ្នកនាំពាក្យមានប្រសាសន៍បន្តថា “ស្ថានទូតរបស់យើងសូមអំពាវនាវ ដល់ពលរដ្ឋចិននៅកម្ពុជា គោរពតាមច្បាប់របស់ប្រទេសចិន និងកម្ពុជា ការពារសិទ្ធិរបស់ពួកគេ ដោយសមហេតុផល និងមិនត្រូវប្រឌិតពាក្យចចាមអារ៉ាម និងបោកបញ្ឆោតសាធារណជនឡើយ ។ យើងសូមអំពាវនាវ ដល់សាធារណជនទូទៅ មេត្តាបើកភ្នែកឲ្យធំៗ ចេះបែងចែកខុសត្រូវ មិនត្រូវឲ្យជនខិលខូច បោកប្រើឲ្យសោះ”។

អ្នកនាំពាក្យគូសបញ្ជាក់បន្ថែមថា នៅជំហានបន្ទាប់ ស្ថានទូតចិននឹងបន្តតាមដានការសវការ លើករណីនេះ នឹងនៅតែបន្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ភាគីពាក់ព័ន្ធ ក្រោមក្របខណ្ឌច្បាប់របស់ចិន-កម្ពុជា ។

បើតាមអ្នកនាំពាក្យដដែល ស្ថានទូតចិននឹងបន្តគាំទ្រ សហការជាមួយភ្នាក់ងារអនុវត្តច្បាប់កម្ពុជា និងបន្តពង្រឹងការបង្រ្កាបបទល្មើសបោកប្រាស់ និងបទល្មើសល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធឺណេត និងបទល្មើសពាក់ព័ន្ធ ការឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយពលរដ្ឋចិន ដើម្បីធានាឲ្យមានប្រសិទ្ធភាព នូវសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋចិន នៅកម្ពុជា៕

To Top