នយោបាយ

លោក សុខ ឥសាន ៖ សម រង្ស៊ី និយាយពីដំណើរ ចូលរួមកិច្ចប្រជុំ នៅអាមេរិក របស់សម្តេចតេជោ គ្រាន់តែជាការដុតកំហឹង

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការនិយាយរបស់លោក សម រង្ស៊ី អំពីដំណើរចូល រួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺគ្រាន់តែជាការដុតកំហឹង ដើម្បីឲ្យសម្តេចតបត ទៅខ្លួនប៉ុណ្ណោះ។

លោក សម រង្ស៊ី បាននិយាយនាថ្ងៃ១ មីនា ថា “ពេលមកដល់សហរដ្ឋអាមេរិក នៅចុងខែមីនានេះ សម្តេចនឹងត្រូវគេស្តីឲ្យលើបញ្ហា ៣យ៉ាង គឺ ៖ ១- បញ្ហាទៅគាំទ្ររបបផ្តាច់ការ និងខុសច្បាប់ នៅភូមា , ២- បញ្ហាបើកដៃឲ្យចិនកុម្មុយនីស្ត យកប្រទេសកម្ពុជា ធ្វើជាឈ្នាន់ ដើម្បីឈ្លានពានប្រទេសជិតខាង និង៣- បញ្ហាដែលគាត់ចោទ ប្រកាន់សហរដ្ឋអាមេរិក និងលោក កឹម សុខា ជាលេស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ” ។

ចំពោះសំដីរបស់លោក សម រង្ស៊ីនេះ ត្រូវបានលោក សុខ ឥសាន តបទៅវិញនាថ្ងៃ២ មីនាថា “ការនិយាយរបស់ទណ្ឌិត មេឧទ្ទាមក្រៅច្បាប់ មកលើសម្តេចតេជោហ៊ុន សែន គ្រាន់តែជាការដុតកំហឹង ដើម្បីឲ្យសម្តេចតបតតែប៉ុណ្ណោះ និងច្រណែន” ។

លោកថា កិច្ចប្រជុំកំពូលអាមេរិក និងអាស៊ាន នាពេលខាងមុខ មានរបៀបវារៈច្បាស់លាស់ មិនមែនដូចការនិយាយរបស់លោក សម រង្ស៊ីនោះទេ ។ លោកបន្តទៀតថា ការនិយាយដោយគ្មានការទទួលខុសត្រូវ គឺជាទម្លាប់ និងវប្បធម៌អត់បានការរបស់លោក សម រង្ស៊ីទៅហើយ ។

សូមបញ្ជាក់ថា នៅសល់មិនដល់មួយខែទៀតទេ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន ដែលនឹងប្រព្រឹត្តទៅរដ្ឋធានីវ៉ាស៊ីនតោន នៅចុងខែមីនា តាមការអញ្ជើញពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ។ មុននឹងការចេញដំណើរនេះ មានការបញ្ចេញមតិរបស់ក្រុមប្រឆាំង អំពីដំណើរទៅអាមេរិក របស់សម្តេចជាហូរហែរ ។

បើតាមលិខិតអញ្ជើញ របស់បៃឌិន ជូនមកសម្តេចតេជោ នាថ្ងៃ១៤ មករា សម្រាប់កិច្ចប្រជុំកំពូលនេះ គឺអាមេរិកប្តេជ្ញាចិត្តយូរអង្វែងចំពោះអាស៊ាន ជាពិសេសរំលឹកខួប៤៥ឆ្នាំ នៃទំនាក់ទំនងអាមេរិក-អាស៊ាន ៕

To Top