ព័ត៌មានជាតិ

កម្ពុជា នៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ទោះជាមានការវាយលុកខ្លាំង ដោយជំងឺរាត្បាតកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) នាពេលបច្ចុប្បន្នយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ (Safe and Warm) ដែលឆ្លងតាមការវាយតម្លៃក្នុងសូចនាករ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOPs) របស់ក្រសួងបានដាក់ចេញកន្លងមក ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងឲ្យដឹងបន្តថា យោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ឲ្យបើកទេសចរណ៍អាស៊ានឡើងវិញជាបណ្តើរៗ ដោយត្រូវជំរុញបើកទេសចរផ្ទៃក្នុងរបស់ខ្លួន (Intra-ASEAN Travel) ឲ្យបានឆាប់ចំពោះមុខតាមរយៈការគិតគួររៀបចំ អនុវត្តច្រករបៀង នៃការធ្វើដំណើរក្នុងតំបន់អាស៊ាន (ASEAN Travel Corridor), ការគិតគូរបង្កើតឲ្យមានប្រព័ន្ធរួម ទទួលស្គាល់ការចាក់វ៉ាក់សាំង ដូចជាលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង តាមប្រព័ន្ឋឌីជីថល (Digital Vaccination Certificate និងតាមស្មារតីរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានឯកភាពជំរុញអនុវត្តផែនការ ស្តារវិស័យទេសចរណ៍ ឡើងវិញ និងគោលការណ៍ណែនាំ អាស៊ានស្តីពីវិធានសុវត្ថិភាព និងអនាម័យអាស៊ានស្របតាមសេចក្តីថ្លែងការណ៍ ភ្នំពេញ ស្ដីពីទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់កាន់តែប្រសើរ។

ក្នុងន័យនេះក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ក្នុងព្រះរាជា ណាចក្រកម្ពុជា ចូលរួមបន្តអនុវត្ត និងផ្សព្វផ្សាយឲ្យបានផុសផុល នូវវិធានសុវត្ថិភាពក្រសួងសុខាភិបាល វិធានសុវត្ថិភាព ក្រសួងទេសចរណ៍ (SOPs) ជាពិសេស ៣កុំ ៣ការពារ ដើម្បីធានាសុវត្ថិភាព និងការពេញចិត្តដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទស្សនាកម្ពុជា ៕

To Top