ព័ត៌មានជាតិ

វេទិកាសេដ្ឋកិច្ចពិភពលោក សរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា

ភ្នំពេញ ៖ លោក Joo-Ok Lee ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិក នៃគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក បានសរសើរចំពោះវឌ្ឍនភាព និងរីកចម្រើនរបស់កម្ពុជា ទោះស្ថិតក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣ មីនា លោក Joo-Ok Lee បានជម្រាបជូនអំពីដំណើរការ នៃការរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ និងបានកោតសរសើរចំពោះវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា បើទោះជាកម្ពុជាស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនលោក Joo Ok Lee អំពីវឌ្ឍនភាព និងភាពរីកចម្រើនដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ ប្រសូត្រចេញពីគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាជាពិសេស យុទ្ធសាស្រ្ត និងវិធានការប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការីករាលដាលនៃមេរោគ និងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស រហូតឈានដល់ការបើកប្រទេសជាតិឡើងវិញ។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការ វិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរួមមាន៖ ការសាងសង់ព្រលានយន្តហោះថ្មី ចំនួន៣ តាមស្តង់ដាអន្តរជាតិ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងគម្រោងលើកកម្រិតគុណភាព និងពង្រីក បណ្តាញផ្លូវថ្នល់សំខាន់ៗដូចជា៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែនៅក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវដែកតភ្ជាប់រាជធានីភ្នំពេញ-ទីក្រុងហូជីមិញ ជាដើម។

នាឱកាសនោះ ភាគីទាំងពីរ ក៏បានទទួលស្គាល់ថា ការចូលរួមរបស់កម្ពុជាដែលជាប្រធានអាស៊ាន នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២២ នៅទីក្រុងដាវ៉ុស ប្រទេសស្វីស នឹងមានសារៈសំខាន់យ៉ាងខ្លាំង ដោយហេតុថា វាជាប្រព្រឹត្តិការណ៍មួយនឹងចូលរួមបើកឆាកឡើងវិញនូវកិច្ចប្រជុំដោយផ្ទាល់របស់ពិភពលោកនេះ បន្ទាប់ពីការអាក់ខានដោសារការរីករាលដាលនៃមេរោគកូវីដ-១៩ ដើម្បីធ្វើការពិភាក្សារិះរកមធ្យោបាយល្អៗដែលនាំឱ្យសេដ្ឋកិច្ចពិភពលោកងើបឡើងវិញនៅក្នុង និងក្រោយយុគសម័យកូវីដ-១៩៕

To Top