ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ចាត់ទុកយុវជន ស.ស.យ.ក. ជាដៃគូសហការយ៉ាងសំខាន់

ភ្នំពេញ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាថាជាដៃគូមួយយ៉ាង សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាប្រទេសជាតិនាពេលបច្ចុប្បន្ន។


ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តស្វាយរៀង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោក ម៉ែន វិបុល បានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រួសារយុវជនស.ស.យ.ក.ខេត្ត ជាមួយអជ្ញាធរខេត្ត ក្នុងកិច្ចការអភិវឌ្ឍនានាក្នុងខេត្តស្វាយរៀង។


លោកអភិបាល បានគូសបញ្ជាក់ពីភាពចាំបាច់នៃវត្តមាន និងការចូលរួម របស់យុវជនក្នុងបេសកម្មដឹកនាំ កសាង សមិទ្ធផលនានាជូនប្រជាជននៅមូលដ្ឋានផ្ទាល់។


លោកបានមានប្រសាសន៍ថា៖ «ការចូលរួមកសាងប្រទេសជាតិ គឺជាកាតព្វកិច្ចមួយដ៏ចម្បងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺយុវជន ព្រោះយុវជន ជាអនាគតនៃអ្នកបន្ដវេនក្នុងការដឹកនាំប្រទេសជាតិ»។

ជាមួយគ្នានេះ លោកលើកឡើងថា ការអភិវឌ្ឍន៍ក្នុងសង្គមមួ យមិនមែនមានតែការដឹកនាំរបស់អ្នកដឹកនាំតែម្នាក់នោះទេ គឺចាំបាច់មានការចូលរួមចំណែកពីគ្រប់ប្រជាពលរដ្ឋទាំងអស់ ហើយចំណុចសំខាន់នៃការចូលរួមចំណែកក្នុងសង្គមគឺដើម្បីជាប្រយោជន៍មួយសម្រាប់អនាគតរបស់ប្រទេសជាតិ ។


សូមជម្រាបជូនថា ពិធីសំណេះសំណាលជាមួយគណៈកម្មការធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស .ស.យ.ក. ខេត្តស្វាយរៀង បានប្រព្រឹត្តទៅក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាភិបាលខេត្តស្វាយរៀងលោកម៉ែន វិបុល អភិបាលលនៃគណៈអភិបាល លោក ឌី វិជ្ជា អនុប្រធាន ស.ស.យ.ក. និងជា ប្រធាន ស.ស.យ.ក.ខេត្តស្វាយរៀង រួមជាមួយសមា ជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក. ខេត្តស្វាយរៀងជាច្រើននាក់៕

To Top