ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានឲ្យដឹងថា តាមការសិក្សា របស់អ្នកវិទ្យាសាស្ដ្រ បរទេសមួយចំនួន គេសង្កេតឃើញថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ប្រហែលជា ២៣-២៦% មានបញ្ហាផ្លូវចិត្ត ឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម ។
លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានចេញលិខិតឆ្លើយតប ទៅនឹងសំណួរអ្នកសារព័ត៌មាន ស្ដីពី ផលប៉ះពាល់សុខភាព ក្រោយពីបានសះស្បើយជំងឺកូវីដ-១៩ ថា «ខ្ញុំសូមបញ្ជាក់ជូនថា តាមការសិក្សា របស់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្ត បរទេសមួយចំនួន លើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មួយចំនួន គេសង្កេតឃើញថា មានប្រហែលជា២៣-២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម»។
លោកស្រី បន្ដថា ទន្ទឹមនឹងនោះ ភាពឆាប់នឿយហត់ ឬមានអារម្មណ៍មិនសូវមានកម្លាំងកំហែង ក៏សង្កេតឃើញមានដែរ និងមួយចំនួនទៀត ក៏មានការឆាប់ទទួលបាននូវការឆ្លងជំងឺកូវីដ-១៩ឡើងវិញផងដែរ។ ករណីនេះ អាស្រ័យលើសរីរាង្គរបស់បុគ្គលម្នាក់ៗ ដែលមានការឆ្លើយតប និងការវិវត្តន៍កើតមានមិនដូចគ្នានោះឡើយ ជាពិសេស ស្ថានភាពនៃអង់ទីគ័ររបស់បុគ្គលឆ្លើយតបទប់ទល់ទៅនឹងជំងឺនេះ ហើយក៏អាស្រ័យលើស្ថានភាពដែលបុគ្គលបានឆ្លងកាត់សភាពជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ។
បើតាមលោកស្រី ការសិក្សា ក៏បានបង្ហាញថា អាចមានរោគសញ្ញា ដែលនៅសេសសល់បន្ត ក្នុងរយ:ពេល ប្រហែលជាមួយឆ្នាំ ក្រោយពីបានជា សះស្បើយពីជំងឺកូវីដ-១៩ (បុគ្គលខ្លះក៏មិនមាន បញ្ហានេះដែរ) ដែលគេសង្កេតឃើញមានដូចជា៖ ឆាប់នឿយហត់ ឬមានអារម្មណ៍ថា ដូចជាខ្សោយជាង មុនពេលឈឺ, ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាកដកដង្ហើម ឬមានអារម្មណ៍ថា ដូចជារៀងថប់ៗដង្ហើម, បន្តនៅក្អកខ្លះៗ, អាចឈឺសន្លាក់ដៃជើង, អាចមានឈឺដើមទ្រូងខ្លះៗ, មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់, ឈឺសាច់ដុំ ឬឈឺក្បាល, បេះដូងដើរញាប់ជាងមុន, និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម ។
លោកស្រី បានលើកឡើងទៀតថា រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦-១២ខែ ឬអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាព របស់បុគ្គល ដែលបានជាសះស្បើយ ពីជំងឺកូវីដ-១៩ និង ការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះ បន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាង កុំបណ្តោយខ្លួនឲ្យមានការឆ្លងកូវីដ-១៩ឡើងវិញ ដែលវាអាចបន្ថែមភាព ប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយ របស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម។
ជាងនេះទៅទៀត លោកស្រី រដ្ឋលេខាធិក្រសួង បានបញ្ជាក់បន្ថែមថា អ្នកវិទ្យាសាស្ត្រ ក៏មិនទាន់អាចបញ្ជាក់ ឲ្យដឹងបានផងដែរថា តើផលប៉ះពាល់សំខាន់ៗ អ្វីខ្លះទៀតលើសរីរាង្គបុគ្គល ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងកម្រិតណានោះ និងក្នុងរយៈពេលយូរប៉ុណ្ណានោះនៅឡើយទេ ដែលតម្រូវឲ្យមានការសិក្សា ច្បាស់លាស់ជាបន្តបន្ទាប់ទៀតផងដែរ ៕