ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ប្រធានសាខាថ្នាក់ស្រុក និងខេត្តរបស់គ្រឹះមីក្រូហិរញ្ញវត្ថុ និងធនាគារជាសមាជិកទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង សាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា សិក្ខាសាលាថ្នាក់តំបន់ ត្រូវបានរៀបចំឡើងបន្ទាប់ពី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាគមធនាគារនៅកម្ពុជា និងសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ដាក់ឲ្យប្រើជាផ្លូវការនូវក្រមប្រតិបត្តិ វិស័យធនាគារនិងហិរញ្ញវត្ថុ កាលពីដើមខែមីនា ឆ្នាំ២០២២។
សិក្ខាសាលាពង្រឹងសមត្ថភាពនេះ រៀបចំជា៥តំបន់ ចាប់ផ្តើមពីរាជធានីភ្នំពេញចន្លោះពីថ្ងៃ២៨-៣០ មីនា និងបន្តទៅខេត្តព្រះសីហនុ បាត់ដំបង ព្រៃវែង និងក្រចេះ ។ ប្រធានសាខាថ្នាក់ខេត្ត-ស្រុក-តំបន់ តាមតំបន់នីមួយៗ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាល រយៈពេល ៣ថ្ងៃនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងគុណវុឌ្ឍិ ក្នុងក្របខ័ណ្ឌការងាររបស់ប្រធានសាខា, ផ្តល់ឱកាសជូនប្រធានសាខា ដើម្បីស្វែងយល់អំពីក្រម និងបទប្បញ្ញត្តិនានាពាក់ព័ន្ធ ប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំងផ្តល់ជាវេទិកា ចែករំលែកចំណេះដឹង បទពិសោធន៍ កត្តាប្រឈម ដំណោះស្រាយ និងការកសាងបណ្តាញ ទំនាក់ទំនងរវាងប្រធានសាខា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងនិយ័តករ។
ក្នុងពិធីបើកសិក្ខាសាលា តំបន់សម្រាប់រាជធានីភ្នំពេញ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា «កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានយកចិត្តទុកដាក់ទៅលើការពង្រឹង ឧត្តមភាពនៃធនធានមនុស្សដែលជា ប្រតិបត្តិករហិរញ្ញវត្ថុតាមរយៈ វគ្គបណ្តុះបណ្តាលនានា ដែលបានរៀបចំដោយសមាគម និងវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន តាមវិធាននានា ដូចជា ក្រមនិងវិធានផ្ទៃក្នុងនៅក្នុងវិស័យរួមមាន វិធានផ្តល់ប្រាក់កម្ចី កិច្ចការពារអតិថិជន និងការដោះស្រាយបណ្តឹង ជាពិសេសសមាគមបានសម្របសម្រួល និងផ្តល់កម្មវិធីនានាដែលជា ការអប់រំផ្នែកហិរញ្ញវត្ថុ ជូនភាគីពាក់ព័ន្ធ ជាចំណែកដើម្បីជ្រុំជ្រែងភាពរឹងមាំ នៃវិស័យរបស់យើង»។
ការគ្រប់គ្រងសាខាប្រកបដោយគុណភាព និងប្រសិទ្ធភាព ត្រូវបានចាត់ទុកជាមុខងារ ដ៏សំខាន់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំគ្រប់គ្រងសាខា គឺជាតួអង្គជួរមុខដ៏សំខាន់ដែលនាំឲ្យ ធុរៈកិច្ចហិរញ្ញវត្ថុទទួលបានជោគជ័យ ឬបរាជ័យ។ ក្នុងនោះផងដែរ សមត្ថភាពគ្រប់គ្រង និងដឹកនាំរបស់ប្រធានសាខា គឺជាកត្តាចាំបាច់ក្នុងការជម្រុញ ប្រសិទ្ធភាពប្រតិបត្តិការ និងផលចំណេញរបស់សាខា។
លើសពីនេះទៅទៀត ប្រធានសាខាជាមេដឹកនាំនាំមកនូវ កេរ្តិ៍ឈ្មោះល្អរបស់ក្រុមហ៊ុន ពីព្រោះគាត់ជាអ្នកដឹកនាំក្រុមការងារផ្ទាល់ ដើម្បីប្រតិបត្តិការសេវាហិរញ្ញវត្ថុ ប្រាស្រ័យទាក់ទង និងបម្រើសេវាជូនអតិថិជន ។ មុខងារអាទិភាពចម្បងៗរបស់ប្រធានសាខា រួមមាន៖ ការដឹកនាំក្រុមការងារដើម្បី រកប្រាក់ចំណូលជូនក្រុមហ៊ុន ការគ្រប់គ្រងធនធានមនុស្ស ការប្រតិបត្តិផែនការអាជីវកម្ម និងសេវាបម្រើអតិថិជន។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីបើកថា «សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹងក្រមសីលធម៌ និងសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំ ជួរមុខរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលបាននិងកំពុងផ្តល់សេវា ជាចាំបាច់សម្រាប់ប្រជាជនកម្ពុជា។ ដើម្បីធានាបាននូវនិរន្តរភាពវិស័យ ក៏ដូចជាការផ្តល់សេវា ប្រកបដោយការទទួលខុសត្រូវ ប្រធានសាខានីមួយៗ ត្រូវធានាបានថាសេវារបស់ខ្លួនធ្វើឲ្យអតិថិជន ទទួលបានជោគជ័យពិតប្រាកដ”។
សូមបញ្ជាក់ថា សិក្ខាសាលាទំាង៥តំបន់នេះ ទទួលបានការរួមសហការជាមួយ ការិយាល័យឥណទានកម្ពុជា (CBC) ក្រោមការចង្អុលបង្ហាញពីធនាគារជាតិ នឹងចូលរួមលើកកម្ពស់និរន្តរភាព របស់គ្រឹះស្ថានហិរញ្ញវត្ថុផង ជាឧត្តមប្រយោជន៍ដល់អតិថិជន និងវិស័យហិរញ្ញវត្ថុទាំងមូល ក៏ដូចជាចូលរួមចំណែកជួយ ជម្រុញកំណើនសេដ្ឋកិច្ចជាតិ ៕