ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ពិតជារឿងដ៏អស្ចារ្យ និងនឹកស្មានមិនដល់ ដំរីញីមួយក្បាល ឈ្មោះជីប៉ាល់ ត្រូវបានដំរីព្រៃឈ្មោលមួយក្បាល គៀងចូលព្រៃអស់រយៈពេល ២សប្តាហ៍នោះ ហើយត្រឡប់មកកាន់ ទីតាំងអភិរក្សវិញ ក្នុងខេត្តមណ្ឌលគិរី បានផ្តល់កំណើត ដល់កូនដំរីញីមួយក្បាល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ប្រកបដោយភាពភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា ដំរីញីជីប៉ាល់មានផ្ទៃពោះឡើយ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២៩ មីនា នេះ បានរៀបរាប់ថា ជីប៉ាល់ ជាដំរីស្រុកញី តែមួយគត់នៅខេត្តមណ្ឌលគិរី មានអាយុ ៣៥ ឆ្នាំ ទើបបង្កើតបានកូនញីមួយក្បាល ឈ្មោះនាង «ជីពេជ្រ» ដែលជាកូនដំរីស្រុក កាត់ព្រៃមួយក្បាល ដែលទើបនឹងកើតលើទឹកដី ខេត្តមណ្ឌលគិរី។ ដាក់ឈ្មោះ ជីពេជ្រ ដោយសារតែកូនដំរីញីមួយក្បាលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។
កញ្ញា Jemma Bullock ប្រធានអង្គការ ELIE ធ្វើការងារលើការអភិរក្សសត្វដំរី បានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះមានតម្លៃស្មើគ្រាប់ពេជ្រមួយគ្រាប់ ដែលបានចាប់កំណើត នៅខេត្តមណ្ឌលគិរី។ កញ្ញា បានបន្តទៀតថា អ្នកទាំងអស់គ្នា ប្រហែលជាអាចចាំបានថា ២ ឆ្នាំមុន មានដំរីព្រៃឈ្មោលមួយក្បាល បានចេញពីតំបន់ការពារ នៃដែនជម្រកសត្វព្រៃកែវសីមា ហើយបានដើរឆ្លងកាត់ ព្រៃសហគមន៍ពូត្រំ រហូតបានមកដល់ទីតាំង អភិរក្សសត្វដំរី Elephant Valley Project របស់យើង បន្ទាប់មកបាននាំជីប៉ាល់ ទៅក្នុងព្រៃជាមួយ រយៈពេល ២សប្តាហ៍ ដែលជាលទ្ធផលធ្វើអោយនាង(ជីប៉ាល) មានផ្ទៃពោះដោយមិនបានព្រៀងទុក។
កញ្ញា បានបន្តទៀតថា ម្តាយនឹងកូនមានសុខភាពល្អ បន្ទាប់ពីបានសម្រាលកូនបានបីថ្ងៃ ដែលជីប៉ាល់បានអស់កម្លាំងខ្លាំង បន្ទាប់ពីសម្រាលជីពេជ្រ។ កញ្ញាថា មុនដំបូងយើងមានការព្រួយបារម្មណ៍ខ្លាំង ខ្លាចមេដំរីខឹង នឹងខ្លាចកូនដំរីហើយរត់ទៅឆ្ងាយ ប៉ុន្តែអ្វីដែលយើងគិត គឺខុសស្រឡះ ព្រោះដំរីញីជីប៉ាល់បានបង្ហាញក្តីស្រឡាញ់ ការពារយកចិត្តទុកដាក់ ចំពោះកូន បំបៅដោះកូន ធ្វើឱ្យកូនរឹងមាំនឹងសុខ ភាពល្អ។ បច្ចុប្បន្ន ជីពេជ្រ មានសុខភាពល្អ ក្រោមការមើលថែរបស់ក្រុមការងារ អភិរក្សសត្វដំរី នឹងម្តាយរបស់នាងផងដែរ។
សូមបញ្ជាក់ថា នៅកម្ពុជា មានដំរីអាស៊ីចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួន ៧១ ក្បាល៕