ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី៣១ មីនានេះថា លោកបានធ្វើការវះកាត់ប្តូរកែវភ្នែកទាំងពីរ បានដោយជោគជ័យហើយ ។
បើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ ការវះកាត់ប្តូរកែវភ្នែកទាំងពីររបស់លោក ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ២០២២ ដោយទទួលបានជោគជ័យ ហើយរងចាំពេទ្យដករបាំងការពារភ្នែក មុននឹងលោកវិលមកកម្ពុជាវិញ នៅថ្ងៃទី១មេសាខាងមុខនេះ ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា “ពេលនេះ ពេទ្យនៅបិទភ្នែកខ្ញុំនៅឡើយ ដោយទុកតែមុមគំហើញប្រហែល ១០អង្សា ល្មមនឹងមើលផ្លូវឃើញ និងចំណាំមុខអ្នកគ្រូពេទ្យស្អាតដែលមើលថែខ្ញុំតែប៉ុណ្ណោះ” ។
លោករដ្ឋមន្ត្រី ក៏បានអរគុណមិត្តភក្តិជិតឆ្ងាយ ដែលបារម្ភ និងសួរសុខទុក្ខលោកផងដែរ ។
លោកបន្ថែមថា “ព្រឹកនេះ ពេទ្យនឹងដករបាំងភ្នែក បើអ្វីៗបានល្អ ខ្ញុំអាចត្រលប់ចូលស្រុកវិញនៅថ្ងៃទី ១ មេសានេះ ។ សូមផ្ញើចិត្តនឹកដល់ទាំងអស់គ្នា ហើយអរគុណខ្លា ដែលតាមជាប់មិនឲ្យឃ្លាតមួយជំហានទេ” ៕