ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ ដែលមានឋាន:ជានាយកប្រតិបត្តិក្រុមហ៊ុន A.B.S.D ខនស្ត្រាក់សិន និង បញ្ជូនខ្លូន ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងរំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត ដែលមាន ទឹកប្រាក់ចំនួនជាង៤០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ។
យោងតាមដីការបស់តុលាការរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ លី ស៊ីឌឿន ភេទប្រុស មុខរបរពាណិជ្ជករ និង ជានាយកប្រតិបត្តិក្រុមហ៊ុន A.B.S.D ខនស្ត្រាក់សិន ដែលរកស៊ីខាងទទួលការ សាងសង់សំណង់ទូទៅ ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ: រំលោភលើទំនុកចិត្តពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើ, ឈ្មោះ លី ស៊ីឌឿន មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕
ដោយ: លីហ្សា