ព័ត៌មានជាតិ

ភ្នំពេញ-ហាណូយ បន្តជំរុញសហប្រតិបត្តិការ លើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឌិញ ទៀន ហ្ស៊ង DINH TIEN DUNG សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាគណៈកម្មាធិការបក្ស រដ្ឋធានីហាណូយ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ខណៈប្រតិភូនេះ បានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។

កិច្ចប្រជុំពិភាក្សាការងារនៅពេលនេះ មានគោលបំណង បង្ហាញអំពីកិច្ចសហប្រតិបត្តិការការងារ រវាងទីក្រុងទាំងពីរ ដែលបានចងសម្ព័ន្ធមេត្រីភាព អស់រយៈពេល១៨ឆ្នាំកន្លងមក ដែលមានគ្រប់វិស័យពិសេសការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌វប្បធម៌ អប់រំជាដើម ។

លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជាជនកម្ពុជា, ប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងពីស្ថានភាព របស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយលោកបញ្ជាក់ថា នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋរស់នៅ ប្រមាណ៣លាននាក់ ក្នុងនោះប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ ចំនួន២,២លាននាក់ ។

លោកបញ្ជាក់ថា រាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានអគារខ្ពស់ៗជាច្រើន ក្នុងនោះរួមមានអគារ ចាប់ពី៥ជាន់ដល់៩ជាន់ មានចំនួន៧២៦អគារ កំពស់ចាប់ពី១០ជាន់ ដល់១៩ជាន់ មានចំនួន៤៥២អគារ, ចាប់ពី២០ជាន់ដល់២៩ជាន់ មានចំនួន១២០អគារ, ចាប់ពី៣០ដល់៣៩ មានចំនួន៦៥អគារ និងចាប់ពី៤០ជាន់ឡើង ទៅមានចំនួន៤០អគារ។

ដោយឡែក លោក DINH TIEN DUNG ក៏បានលើកឡើងដែរថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ មកពេលនេះ ស្របពេលវៀតណាម និងកម្ពុជា គម្រប់ខួបអនុស្សាវរីយ៍ លើកទី៥៥ នៃទំនាក់ទំនងការទូត ជាមួយគ្នា និងស្របពេលកម្ពុជា កំពុងរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ។

លោកបន្តថា ការស្វាគមន៍យ៉ាងកក់ក្តៅ របស់គណៈអភិបាលនិងក្រុមប្រឹក្សា រាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់ រដ្ឋធានីហាណូយ ពិតជាបង្ហាញឲ្យឃើញ ពីចំណងមិត្តភាពដ៏យូអង្វែងរបស់កម្ពុជា និងរៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ ៕

To Top